ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា គិតក្នុងរយៈពេលជិតមួយឆ្នាំ២០២៣នេះ ការប្រមូលពន្ធអាករគ្រប់ប្រភេទ សម្រេចមិនបានគ្រប់ផែនការកំណត់នោះទេ ដែលគិតជាភាគរយសម្រេចបានចំនួនប្រមាណតែជាង ៨២%ប៉ុណ្ណោះ ដោយសារកត្តាមួយចំនួន។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិធានការសម្រួលពាណិជ្កម្មក្រោមដែនសមត្ថកិច្ចគយ នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានគយបានបាត់បង់ចំណូលចំនួនប្រមាណជិត ៤០០លានដុល្លារ ដោយសារកត្តាការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជាពហុភាគី និងទ្វេភាគី និងដោយសារកត្តាជាច្រើនផ្សេងទៀតដែលបានធ្វើឲ្យផ្លាស់ប្តូររចនាសម្ព័ន្ធចំណូលសារពើពន្ធរបស់រដ្ឋ មានការថមថយ និងធ្លាក់ចុះ ហើយបើនិយាយពីរចនាសម្ព័ន្ធចំណូលសារពើពន្ធ កម្ពុជាស្ថិតក្នុងស្ថានភាពផ្លូវត្រលែងកែង ដែលមានការប្រែប្រួលចំណូលនេះ។
ជាមួយនេះ ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តនូវកត្ដាមួយចំនួនទៀត ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្ម កម្មន្ដសាលរបស់ប្រទេសកម្ពុជាទៅមុខកាន់តែច្រើន ហើយក៏កំពុងពង្រីកខឿនពាណិជ្ជកម្ម ខឿនឧស្សាហកម្ម និងខឿនកម្មន្ដសាល។ ឯកឧត្តមបន្ថែមទៀតថា ជាលទ្ធផលកាលពី១០ឆ្នាំ ឬ១៥ឆ្នាំមុន កម្ពុជានាំចូលច្រើន ហើយការទទួលបានចំណូលក៏ច្រើនផងដែរ។ ប៉ុន្ដែឥឡូវនេះ ផលិតកម្មក្នុងស្រុកកាន់តែច្រើន ខឿនកម្មន្ដសាលនិងឧស្សាហកម្មកាន់តែច្រើន ហើយអ្វីដែលយើងមើលឃើញមានលក្ខណៈស្រដៀងគ្នានោះ គឺក្នុងដំណាក់កាលដែលកម្ពុជាផលិតជំនួសការនាំចូល ដូចជាស្ថានភាពរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន រួមមានកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ជប៉ុន ម៉ាឡេស៊ី ជាដើម។
ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើងបន្តថា បើទោះបីការប្រមូលពន្ធគយមានការថយចុះ តែសេដ្ឋកិច្ចកម្ពុជាមានការកើនឡើង ដោយសារតែមានខ្សែសង្វាក់ផលិតកម្មក្នុងស្រុក ហើយកាត់បន្ថយការនាំចូល តែផ្គត់ផ្គង់លើទីផ្សារនៅកម្ពុជាខ្លួនឯង។ ឯកឧត្តមបន្តទៀតថា និន្នាការនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្មរបស់កម្ពុជា គឺដំណើរការតាមទម្រង់ដូចបណ្ដាប្រទេសមួយចំនួនដែរ បើសិនបើការប្រមូលពន្ធអាកររបស់គយថយចុះ តែក៏ជាឱកាសសម្រាប់ពន្ធដារ ក្នុងការយកពន្ធអាករពិសេស ឬពន្ធលើប្រាក់ចំណេញ និងពន្ធច្រើនមុខផ្សេងទៀតពីក្រុមហ៊ុន ឬរោងចក្រដែលផលិតនៅក្នុងស្រុក ហើយចំណូលចូលរដ្ឋតែមួយទេ៕ អត្ថបទ ៖ ឈិត បូរ៉ាវី



