ភ្នំពេញ ៖ អភិបាលរាជធនីជំរុញឱ្យអភិបាលខណ្ឌមានជ័យចូលកាន់តំណែងថ្មីត្រូវសហការជាមួយមន្ដ្រីគ្រប់ផ្នែកដើម្បីនិរន្តភាពការងារ និងបម្រើប្រជាពលរដ្ឋបានល្អ។
ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខណ្ឌមានជ័យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា អភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយបើមិនមានការចូលរួមសហការ ពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ គឺមិនអាចទទួលបានជោគជ័យលើកិច្ចការងារបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឡើយ ដូច្នេះត្រូវតែសហការជាមួយគ្នាឱ្យបានខ្លាំក្លាទើបសម្រេចបានលទ្ធផលល្អប្រសើរ។ កុំយកតាមពាក្យស្លោកមួយថា ទឹកឡើងត្រីស៊ីស្រមោច ទឹកខោចស្រមោចស៊ីត្រី ឱ្យសោះ ព្រោះនរណាក៏អាចមានកំហុសឆ្គងដែរ។
ឯកឧត្តម ឃួង ស្រេង បានកោតសរសើរចំពោះមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកន្លងមកបានល្អ ហើយការតែងតាំងនេះគឺធ្វើឡើងជាធម្មតារបស់មន្ត្រីរាជការស៊ីវិល ជាក់ស្ដែងការតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យថ្មី ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ នេះជារឿងធម្មតា ដើម្បីជំរុញឱ្យមានប្រសិទ្ធភាពការងារកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យលោក សេង គន្ធដែលជាអភិបាលខណ្ឌមានជ័យថ្មី យកអស់កម្លាំងកាយចិត្ត អស់ចំណេះដឹង និងឱ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំខណ្ឌមានជ័យទទួលបានលទ្ធផលល្អប្រសើរ ពិសេសគឺអនុវត្តតាមអាទិភាពទាំង៦ និងគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី ដោយថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសគឺអនុវត្តឱ្យបាននៅគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។
លោក សេង គន្ធ បានប្ដេជ្ញាបន្តនិរន្តរភាពការងារ និងដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដោយ គោរពរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត អនុក្រឹត្យ សារាចរណ៍ ប្រកាស ដីការ សេចក្តីសម្រេច បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការពារសន្តិភាព ស្ថេរភាពនយោបាយ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



