
អ្នកស្ម័គ្រចិត្ដផ្នែកថែទាំសុខភាព នៅតំបន់ហ្កាហ្សា និយាយថា ពួកគេជួបការលំបាក ក្នុងថែទាំប្រជាជនប៉ាឡេស្ទីន ដែលមានជំងឺ ឬរបួស ដោយសារពួកគេមិនមានថ្នាំ ឬឧបករណ៍គ្រប់គ្រាន់។
នៅពេលដែលការវាយលុករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា នៅតែបន្តមានឥតថមថយ គិលានុបដ្ឋាយិកាប៉ាឡេស្ទីន និងអ្នកស្ម័គ្រចិត្តថែទាំសុខភាពផ្សេងទៀត បានបង្កើតជំរុំពេទ្យ នៅទីក្រុង Rafah ដើម្បីមើលថែទាំអ្នកជំងឺ ដែលផ្លាស់ទីលំនៅ។
ខណៈពេលដែលឈរក្នុងតង់បណ្ដោះអាសន្នរបស់ពេទ្យ គិលានុបដ្ឋាយិកាជនជាតិប៉ាឡេស្ទីនឈ្មោះ Nada Hajaj បាននិយាយថា៖ «មនុស្សកំពុងជួបនឹងការលំបាកខ្លាំងណាស់ នៅទីនេះ។ គ្មានអ្វីទាំងអស់ ពោលគឺគ្មានទឹក គ្មានអាហារ និងគ្មានអ្វីទាល់តែសោះ»។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ក្នុងទីក្រុង Rafah ដែលនៅជិតព្រំដែនប្រទេសអេហ្ស៊ីប បាននិយាយថា កង្វះប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តមិនគ្រប់គ្រាន់ កំពុងធ្វើឲ្យលក្ខខណ្ឌការងារនៅទីនោះមានការលំបាកយ៉ងខ្លាំង ដោយបន្ថែមលើចំនួនអ្នកជំងឺច្រើន និងការប្រើប្រាស់ម៉ាស៊ីនលាងឈាមញឹកពេក ដែលបណ្តាលឲ្យម៉ាស៊ីននោះខូចជាប្រចាំថ្ងៃ។
អឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើផ្លូវសំខាន់ៗ នៅទូទាំងតំបន់ហ្កាហ្សា បានរារាំងយ៉ាងខ្លាំងក្លាដល់ការឆ្លងកាត់របស់រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តជំនួយសង្គ្រោះបន្ទាន់ផ្សេងទៀត៕