
ដោយត្រូវបានហ៊ុមព័ទ្ធជុំជិតទៅដោយសង្រ្គាម គ្រិស្តបរិស័ទប៉ាឡេស្ទីន បានទៅជួបជុំគ្នានៅខាងក្នុងព្រះវិហាររបស់តំបន់ហ្កាហ្សា ដើម្បីចូលរួមពិធីបុណ្យណូអែល កាលពីថ្ងៃអាទិត្យ (ទី២៤ ខែធ្នូ)។
ការជួបជុំបុណ្យណូអែល នាពេលយប់ ត្រូវបានប្រារព្ធឡើងដោយពួកគ្រិស្តសាសនិក ជុំវិញពិភពលោក នៅមុនថ្ងៃបុណ្យណូអែល ដើម្បីរំលឹកដល់ការប្រសូតរបស់ព្រះយេស៊ូ។ សម្តេចប៉ាប ហ្វ្រង់ស៊ីស អំឡុងពេលមានបន្ទូលនៅថ្ងៃបុណ្យណូអែលនេះ បានទួញសោកថា សារសន្តិភាពរបស់ព្រះយេស៊ូ កំពុងត្រូវបានធ្វើឲ្យលិចលង់ ដោយ «តក្កវិជ្ជានៃសង្គ្រាមឥតប្រយោជន៍» នៅក្នុងទឹកដីដែលទ្រង់បានប្រសូត។
អ៊ីស្រាអែលបានឡោមព័ទ្ធតំបន់ហ្កាហ្សាស្ទ្រីបដ៏តូចចង្អៀតនេះ ហើយបានបំផ្លាញតំបន់នេះដោយភាគច្រើន ចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធក្រុមហាម៉ាស បានវាយលុកយ៉ាងកំរោលនៅភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៤០នាក់។
អាជ្ញាធរនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សជាង ២០.៤០០នាក់ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ ក្នុងអំឡុងពេលយុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅតំបន់ឆ្នេរដ៏តូចមួយនេះ ដោយមានមនុស្សរាប់ពាន់នាក់ទៀត ត្រូវបានគេជឿថា បានស្លាប់នៅក្រោមគំនរបាក់បែក៕