បាល់ទាត់៖ កីឡាការនី តាំង មករា ដែលជាប្រធានក្រុមនារីភ្នំពេញក្រោន បានវះកាត់ជោគជ័យលើបញ្ហារបួសសរសៃពួរ ACL(Anterior Cruciate Ligament) កាលពីចុងសប្តាហ៍កន្លងទៅក្នុងមន្ទីរពេទ្យស្ថិតនៅរាជធានីភ្នំពេញ។
សូមរំលឹកថា កីឡាការនីវ័យ ២១ឆ្នាំរូបនេះបានរងរបួស អំឡុងពេលហ្វឹកហាត់កាលពីខែមករា ឆ្នាំ២០២១ មុនជំនួបជាមួយក្រុមនារីបឹងកេត និងអវត្តមានសម្រាប់ការប្រកួតនៅសល់ មិនអាចបង្ហាញខ្លួនក្នុងការជួយក្រុមនារីភ្នំពេញក្រោន ឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លីគនារី ក្រោយបរាជ័យក្រុមនារីព្រះខ័នរាជស្វាយរៀងដោយលទ្ធផល ៣ទល់១ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្លិបភ្នំពេញក្រោនសូមជូនពរឲ្យមករាឆាប់ជាសះស្បើយពីរបួស និងអាចត្រលប់មកលើទីលានវិញឆាប់ៗនេះ។ វគ្គផ្ដាច់ព្រ័ត្របាល់ទាត់នារីជើងឯកជាតិ២០២០ រវាងក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង និងណាហ្កាវើលដ៍កំពង់ស្ពឺមិនទាន់កំណត់ពេលប្រកួត រឺលុបចោលនៅឡើយនោះទេ៕
អត្ថបទ៖ គង់ ហួន