នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេន ចាមីនណេតានយ៉ាហ៊ូ(Benjamin Netanyahu) បានប្តេជ្ញាបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃចន្ទ ២៥ ធ្នូ ខណៈពលរដ្ឋប៉ាឡេស្ទីនកាន់ទុក្ខមនុស្សជាង ១០០ នាក់ ដែលមន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា បានស្លាប់ ទាំងពាក់កណ្ដាលអាធ្រាត្រ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

លោក Netanyahu បានទៅសួរសុខទុក្ខកងទ័ពអ៊ីស្រាអែលនៅភាគខាងជើងតំបន់ ហ្កាហ្សា ស្ទ្រីប ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីរាត្រីដ៏វិនាសកម្មបំផុតមួយរបស់តំបន់រងការឡោមព័ទ្ធមួយនេះ ក្នុងការប្រយុទ្ធគ្នារយៈពេល១១ សប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
ការសងសឹកប្រឆាំងនឹងក្រុមហាម៉ាស សម្រាប់ការវាយលុកឆ្លងព្រំដែនដ៏សាហាវរបស់ខ្លួនកាលពីថ្ងៃទី៧ខែតុលា បានធ្វើឲ្យអ៊ីស្រាអែលបានស្ថិតនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនគឺសហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរប្រតិបត្តិការនៅតំបន់ហ្កាហ្សាទៅដំណាក់កាលកម្រិតទាប និងកាត់បន្ថយការស្លាប់ជនស៊ីវិល។

ប៉ុន្តែលោក Netanyahu បានប្រាប់សមាជិកសភាមកពីគណបក្ស លីកូដ (Likud) របស់លោកថា សង្រ្គាមកំពុងរីកកាន់តែធំហើយ និងបានច្រានចោលនូវអ្វីដែលលោកចាត់ទុកថា ការបញ្ចេញទស្សនៈពីប្រព័ន្ធផ្សព្វផ្សាយចំពោះរដ្ឋាភិបាលរបស់លោក អាចនឹងអំពាវនាវឲ្យមានការបញ្ឈប់ការប្រយុទ្ធគ្នា។ លោកបាននិយាយថា អ៊ីស្រាអែលនឹងមិនជោគជ័យក្នុងការរំដោះចំណាប់ថ្នូរដែលនៅសេសសល់របស់ខ្លួនដោយមិនប្រើសម្ពាធយោធានោះទេ។
លោក Netanyahu ដែលប្រឆាំងនឹងការអំពាវនាវជាអន្តរជាតិសម្រាប់បទឈប់បាញ់បាននិយាយក្នុងអំឡុងចុះពិនិត្យស្ថានភាពទ័ពនៅតំបន់ហ្កាហ្សាថា យើងមិនឈប់ទេ។ សង្រ្គាមនឹងបន្តរហូតដល់ទីបញ្ចប់ រហូតដល់យើងបញ្ចប់សង្រ្គាម ។
ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Khan Younis ភាគខាងត្បូងរបស់តំបន់ហ្កាហ្សាបានសម្លាប់មនុស្ស ២៣ នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនក្នុងការវាយប្រហារទាំងយប់កើនឡើងដល់ជាង ១០០ ៕
