ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការកំណត់ទិន្នន័យគឺមានសារសំខាន់បំផុត ខណៈទិន្នន័យនេះនឹងជួយឲ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ដូច្នេះត្រូវតែ កំណត់ទិន្នន័យនេះឲ្យបានច្បាស់លាស់ ដើម្បីដាក់គោលដៅជាក់លាក់សម្រាប់អនាគត។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុង ក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការកំណត់ទិន្នន័យ ពីព្រោះថាប្រភពទិន្នន័យជាផែនទីត្រីវិស័យក្នុងការសម្រេចចិត្តគ្រប់លក្ខណៈជ្រុងជ្រោយ ដោយមិនប្រថុយប្រថាននោះឡើយ ជាក់ស្តែងដូចជាក្រុមហ៊ុនជាច្រើននៅលើពិភពលោក បានវិនិយោគទៅលើប្រព័ន្ធទិន្នន័យដោយការសម្រេចចិត្តច្បាស់លាស់ ការព្យាករសេណារីយ៉ូពីអនាគតត្រឹមត្រូវ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានពន្យល់ផងដែរថា ប្រភពទិន្នន័យមានសារសំខាន់ណាស់ ដោយវាបានកំណត់ឲ្យយើងដឹងពីភូមិសាស្រ្តទាំងនៅលើដី និងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច ធុរកិច្ច ជាពិសេសស្ថានភាពនៅជុំវិញខ្លួនយើងតែម្តង៕អត្ថបទ៖ បាន ចក់