ប្រភពសន្តិសុខអេហ្ស៊ីបចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃច័ន្ទ (២៥ ធ្នូ) ថាក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ដែលជាសម្ព័ន្ធមិត្ត បានបដិសេធសំណើរបស់អេហ្ស៊ីប ដែលថាឲ្យពួកគេលះបង់អំណាចនៅតំបន់ហ្កាហ្សាស្ទ្រីប ជាថ្នូរនឹងបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ។

មន្ត្រីពីររូបមកពីក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ក្រោយមកបានបដិសេធដាច់ដោយឡែកពីគ្នានូវអ្វីដែលប្រភពអេហ្ស៊ីបនោះបាននិយាយអំពីការចរចា។ លោក អ៊ីសហ្សាត អាល់រ៉ីស៊ីក (Izzat al-Rishq) សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាសបានបន្ថែមថា «មិនអាចមានការចរចារនោះទេ បើគ្មានការបញ្ឈប់ទាំងស្រុងនៃការឈ្លានពាន»។

ប្រភពអេហ្ស៊ីបនោះបាននិយាយថា ទាំងក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ ដែលបាននិងកំពុងពិភាក្សាដាច់ដោយឡែកជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីបនៅទីក្រុងគែរ បានច្រានចោលការផ្តល់សម្បទានណាមួយលើសពីលទ្ធភាពនៃការដោះលែងចំណាប់ថ្នូរបន្ថែមទៀតដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី០៧ ខែតុលា។

ប្រភពបាននិយាយថា អេហ្ស៊ីបបានស្នើឲ្យមានការបោះឆ្នោត ខណៈពេលដែលផ្តល់ការធានាដល់ក្រុមហាម៉ាស ថាសមាជិករបស់ខ្លួននឹងមិនត្រូវបានដេញចាប់ ឬកាត់ទោសនោះទេ ប៉ុន្តែក្រុមអ៊ីស្លាមនិយមមួយនេះបានបដិសេធសម្បទានណាមួយក្រៅពីការដោះលែងចំណាប់ថ្នូរ៕