ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមប្រដាប់អាវុធបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦០ នៅប្រទេសនីហ្សេរីយ៉ា ភាគកណ្តាល ក្នុងការវាយប្រហារជាបន្តបន្ទាប់ទៅលើភូមិនានា។

ចំនួនអ្នកស្លាប់បានកើនឡើងខ្ពស់ពីតួលេខដំបូងដែលត្រូវបានរាយការណ៍ដោយកងទ័ពកាលពីល្ងាចថ្ងៃអាទិត្យនៃអ្នកស្លាប់ត្រឹមតែ ១៦ នាក់ប៉ុណ្ណោះនៅក្នុងតំបន់ដែលញាំញីដោយភាពតានតឹងខាងសាសនា និងជនជាតិភាគតិច អស់រយៈពេលជាច្រើនឆ្នាំ មកនេះ។

លោក ម៉ាន់ដេ កាសា (Monday Kassah)ប្រមុខរដ្ឋាភិបាលក្នុងតំបន់នៅទីក្រុងបូកូស (Bokkos)រដ្ឋនៃរដ្ឋ ផ្លាតថូ (Plateau) បានប្រាប់សារព័ត៌មាន AFP ថា មនុស្សចំនួន ១១៣ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ខណៈអរិភាពកាលពីថ្ងៃសៅរ៍នៅតែបន្តកើតមានរហូតដល់ព្រឹកថ្ងៃចន្ទ ។

នេះគឺជាការរីករាលដាលនៃអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុត ក្នុងរដ្ឋ ផ្លាតថូ ចាប់តាំងពីខែឧសភា នៅពេលដែលមនុស្សជាង១០០ នាក់បានស្លាប់ ក្នុងការវាយប្រហារលើអ្នកចិញ្ចឹមសត្វ។
លោក Kassah បាននិយាយថា ក្រុមជនអន្ធពាល ដែលត្រូវគេហៅថាជាក្រុមចោរ បានបើកការវាយប្រហារ នៅក្នុង សហគមន៍មិនតិចជាង ២០ ផ្សេងគ្នា និងបានដុតបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ។
លោកបាននិយាយថា យើងបានរកឃើញអ្នករបួសជាង៣០០ នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ ទីក្រុង បូកូស (Bokkos) ទីក្រុង ចូស (Jos)និងទីក្រុង បាគីនឡាឌី(Barkin Ladi) ។
ចំនួនអ្នកស្លាប់បណ្តោះអាសន្នកត់ត្រាដោយកាកបាទក្រហមក្នុងតំបន់បានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ១០៤ នាក់នៅក្នុងភូមិចំនួន១៨ ក្នុងទីក្រុង បូកូស (Bokkos)។យោងតាមលោក ឌីកស៊ុន កូឡូម (Dickson Chollom)សមាជិកសភាប្រចាំរដ្ឋ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងភូមិជាច្រើននៅក្នុងួទីក្រុងបាគីន ឡាឌី (Barkin Ladi)៕