មេដឹកនាំក្រុមភេរវករ នៅតំបន់ហ្កាហ្សា បាននិយាយថា ក្រុមហាម៉ាសកំពុងប្រឈមមុខនឹងការប្រយុទ្ធដែលមិនធ្លាប់មានពីមុនមក ជាមួយអ៊ីស្រាអែល នៅក្នុងសារសាធារណៈលើកដំបូងរបស់ខ្លួន ចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា។

លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលគេជឿថាជាមេគំនិតម្នាក់នៃការវាយប្រហារភេរវកម្មដ៏សាហាវលើអ៊ីស្រាអែល បានច្រានចោលលទ្ធភាពនៃការសម្របសម្រួល ដើម្បីបញ្ចប់សង្រ្គាមនេះ។

លោកបាននិយាយនៅក្នុងលិខិតមួយ ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃចន្ទថា ក្រុមហាម៉ាស កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដ៏ឃោរឃៅ និងមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល ហើយកងទ័ពកាន់កាប់ បានទទួលរងការបាត់បង់ក្នុងជីវិតមនុស្ស និងខូចខាតសម្ភារៈបរិក្ខារ យ៉ាងធ្ងន់ធ្ងរ។
លោកបានអះអាងមិនពិតថា កងកម្លាំងភេរវកម្មរបស់លោក បានសម្លាប់ទាហានអ៊ីស្រាអែលជាងមួយពាន់នាក់។ ចំណែកអ៊ីស្រាអែលបានបញ្ជាក់ថា ទាហាន ១៥៦នាក់ បានស្លាប់ នៅក្នុងប្រតិបត្តិការថ្មើរជើងនៅតំបន់ហ្កាហ្សា ។
ទន្ទឹមនឹងនេះ ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលថា បានបើកការវាយប្រហារតាមអាកាសលើតំបន់ជាយក្រុងក្នុងទីក្រុងដាម៉ាស (Damascus) នៃប្រទេសស៊ីរី ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC)របស់អ៊ីរ៉ង់។