ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩% បើធៀបនឹងជំរឿនជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤ អង្គភាពសេដ្ឋកិច្ច។

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។ បញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចក៏ត្រូវបានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។
សម្ដេចធិបតី បញ្ជាក់ថា អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង ៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨ លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤ លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%។
សូមជម្រាបថា ការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ត្រូវបានរាប់បញ្ចូលអង្គភាព សេដ្ឋកិច្ចមានជាអាទិ៍ អង្គភាពសេដ្ឋកិច្ចនៅតាមផ្សារ ក្រុមហ៊ុន សហគ្រាស រោងចក្រ សហគ្រាសរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ លក់ដូរតាមអនទ្បាញ សាលារៀន សាកលវិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យ វត្តអារាម និងសេវាកម្មផ្សេងៗជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា