ភ្នំពេញ ៖ កំណើនទិន្នផលវារីវប្បកម្មនៅកម្ពុជា បានកើន១៩៧ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។ ការកើនឡើងនៃទិន្នផលវារីវប្បកម្ម ឬត្រីចិញ្ចឹមនេះ គឺដោយសារ ការជួយឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាទាំងបច្ចេកទេស។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កំណើនឡើងជាលំដាប់នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួងពាក់ព័ន្ធ និងបងប្អូនវារីវប្បករកម្ពុជាយើង គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទាំងបច្ចេកទេស និងទុនជាប្រាក់កម្ចី និងថវិកាពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានាផងដែរ ចំពោះសកម្មភាពអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។
បើទោះបីកម្ពុជាជួបបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ទាក់ទងទៅនឹងការធ្វើវារីវប្បកម្ម និងបញ្ហាទីផ្សារយ៉ាងណាក៏ដោយ ក៏ការធ្វើវារីវប្បកម្មនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៥-២០២០) បានប្រព្រឹត្តទៅ ទទួលបានវឌ្ឍនភាព ដោយមានសន្ទុះគួរឱ្យកត់សំគាល់ ដែលទិន្នផលវារីវប្បកម្មប្រមូលប្រចាំឆ្នាំ៖ ឆ្នាំ២០១៥ ទទួលបាន ១៤៣ ១៤១ តោន ឆ្នាំ២០១៦ ទទួលបាន ១៧២ ៥០០ តោន ,២០១៧ ទទួលបាន ២០៧ ៤៤៣ តោន ,២០១៨ ទទួលបាន ២៥៤ ០៤៨ តោន ,២០១៩ ទទួលបាន ៣០៧ ៤០៨ តោន មានកំណើនទិន្នផលវារីវប្បកម្មប្រចាំឆ្នាំជាមធ្យម ២០,៦% ចាប់ពីឆ្នាំ២០១៥-២០១៩ និង នៅឆ្នាំ២០២០ កើនឡើងដល់ ៤០០ ៤០០ តោន មានកំណើន ៣០% ធៀបទៅនឹងឆ្នាំ២០១៩។
ឯកឧត្តម វេង សាខុន បញ្ជាក់ថា ការធ្វើវារីវប្បកម្មនាពេលបច្ចុប្បន្នគឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹកការចិញ្ចឹមមិនបានដាក់ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាបានល្អនោះទេ ហើយការប្រមូលផលជួបការលំបាក ត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយ ដែលត្រូវការពេលវេលាច្រើន ដើម្បីប្រមូលធ្វើការផ្គត់ផ្គង់ទីផ្សារ និងការដឹកជញ្ជូនមកកាន់ទីផ្សារចែកចាយ។ នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលបាននិងកំពុងពិនិត្យ និងដោះស្រាយជាលក្ខណៈអន្តរក្រសួងជាបណ្តើរៗ ក្នុងនេះមានក្រសួង និងស្ថាប័ន។
ទោះយ៉ាងណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំនូវវិធានការគោលនយោបាយជំរុញវារីវប្បកម្មឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងបង្កើនផលិតភាពវារីវប្បកម្មឱ្យមានការប្រកួតប្រជែង បរិយាប័ន្ន និងនិរន្តរភាព៕
អត្ថបទ៖ វណ្ណៈ