សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទី និងត្រីវិស័យសម្រាប់រដ្ឋាភិបាល ក្នុងការរៀបចំក្របខណ្ឌគោលនអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ បើគ្មានទន្នន័យច្បាស់លាស់ទេហាក់បីដូចជាស្ថិតនៅចំណុចមួយដែលវង្វេងវង្វាន់ មិនអាចឱ្យរាជរដ្ឋាភិបាលរៀបចំក្របខណ្ឌគោលនយោបាយ និងសេដ្ឋកិច្ចជាតិបានឡើយ។
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះថា ទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺធ្វើឡើងដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត។
សម្ដេចធិបតីមានប្រសាសន៍ថា ទិន្នន័យ និងស្ថិតិដែលទាញចេញពីទិន្នន័យមានគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាធាតុចូល និងភស្តុតាង ដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់ សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនានា ឱ្យចំគោលដៅ សម្រាប់រយៈពេលខ្លី, មធ្យម និងវែង។
សម្តេចធិបតី បានមានប្រសាសន៍ថា លទ្ធផលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទិន្នន័យ និងព័ត៌មានអំពីអង្គភាពសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់ និង ច្បាស់លាស់ សម្រាប់ការរៀបចំគោលនយោបាយនានារបស់ជាតិ ឱ្យមានលក្ខណៈមុតស្រួច និងផ្អែកលើភស្តុតាងត្រឹមត្រូវដើម្បីឱ្យគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ត្រូវបានអនុវត្តដោយជោគជ័យ និងចំគោលដៅ។
ដោយហេតុថា ទិន្នន័យ និងស្ថិតិដើរតួនាទីសំខាន់នៅក្នុងគ្រប់ទិដ្ឋភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ដល់ក្រសួងផែនការ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន និងលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ៕អត្ថបទ៖ វ៉ន ដារ៉ា