ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ ២៥ ធ្នូ ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់នៅភាគខាងត្បូងដាច់ស្រយាលរបស់ប្រទេសថៃ ដោយផ្លូវថ្នល់ និងផ្លូវរថភ្លើងមួយចំនួនត្រូវបានបង្ខំឱ្យបិទ មិនឲ្យធ្វើចរាចរណ៍។

សាលារៀនយ៉ាងហោចណាស់រាប់សិបនៅក្នុងខេត្តយ៉ាឡា(Yala)និងខេត្តណារ៉ាធីវ៉ាត់(Narathiwat) ត្រូវបានបង្ខំឱ្យបិទ ស្របពេលវីដេអូពីតំបន់ បានបង្ហាញឱ្យឃើញលំនៅឋាន និងហាងនានាត្រូវបានជន់លិចដោយទឹកពណ៌ត្នោត ហើយអ្នកស្រុកកំពុងស្នាក់នៅទីទួលមានសុវត្ថិភាព។

ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កបញ្ហានៅសមុទ្រផងដែរ ក្នុងនោះ មានទូកយ៉ាងហោចណាស់៧គ្រឿង បានលិចនៅក្នុងឈូងសមុទ្រថៃ និងសមុទ្រ អានដាម៉ាន់ (Andaman) ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។

ក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ព្រះរាជាណាចក្រនេះ បាននិយាយថា ការជន់លិចផ្លូវមានន័យថារថភ្លើងដែលធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងទៅកាន់ព្រំដែនម៉ាឡេស៊ីបានឈប់នៅខេត្តយ៉ាឡា (Yala ចម្ងាយ) ចម្ងាយ១០០ គីឡូម៉ែត្រ។
ក្រុមអាជ្ញាធរបានព្រមានឲ្យប្រជាពលរដ្ឋក្នុងខេត្តនេះត្រៀមខ្លួនជម្លៀសចេញ ប្រសិនបើទឹកជំនន់មានសភាពកាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ៕