ក្រុមមន្ត្រីបាននិយាយថា យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសសងសឹកកាលពីថ្ងៃចន្ទនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនកាលពីថ្មីៗនេះ ដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ដែលបានបណ្ដាលឱ្យសមាជិកកងទ័ពអាមេរិកម្នាក់រងរបួសធ្ងន់ និងពីរនាក់ផ្សេងទៀតរងរបួសស្រាល។

ការប៉ះទង្គិចគ្នាទៅវិញទៅមក គឺជាការបង្ហាញចុងក្រោយបំផុតអំពីរបៀបដែលសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងរាលដាលពាសពេញមជ្ឈិមបូព៌ា ដោយបង្កើតភាពចលាចលដែលបានប្រែក្លាយទាហានអាមេរិកនៅមូលដ្ឋានទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ទៅជាគោលដៅវាយប្រហារ។

ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅអ៊ីរ៉ាក់ និងស៊ីរី ប្រឆាំងនឹងយុទ្ធនាការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ហើយចាត់ទុកអាមេរិក ជាផ្នែកមួយ នៃអ្នកទទួលខុសត្រូវចំពោះសង្រ្គាមនេះ។
យោធាអាមេរិកបាននិយាយថា តាមការណែនាំរបស់លោកប្រធានាធិបតី Joe Biden យោធាអាមេរិក បានបើកការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់នៅម៉ោង ១:៤៥នាទីម៉ោងសកល ដែលទំនងជាបានសម្លាប់ ក្រុមសកម្មប្រយុទ្ធ កាថេប ហេសបូឡា ( Kataib Hezbollah)មួយចំនួន និងកម្ទេចកន្លែងជាច្រើនដែលប្រើប្រាស់ដោយក្រុមនេះ ។

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយលោកឧត្តមសេនីយ មៃឃើល អ៊ីរីក គូរីឡា (Michael Erik Kurilla)ប្រមុខបញ្ជាការកណ្តាលអាមេរិកបាននិយាយថា ការវាយប្រហារទាំងនេះមានគោលបំណង ទទួលខុសត្រូវ ចំពោះបញ្ហាទាំងនោះ ដែលទទួលខុសត្រូវដោយផ្ទាល់ចំពោះការវាយប្រហារ លើកងកម្លាំងចម្រុះ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី និងធ្វើឱ្យប៉ះពាល់សមត្ថភាពរបស់ពួកគេក្នុងការបន្តការវាយប្រហារ។ យើងនឹងការពារកងកម្លាំងរបស់យើងជានិច្ច៕