អង្គការសុខភាពពិភពលោក (WHO) និងដៃគូនានា បានទៅសួរសុខទុក្ខ និងផ្តល់គ្រឿងផ្គត់ផ្គង់ដល់មន្ទីរពេទ្យ Al-Shifa និងបានទៅពិនិត្យមើលមន្ទីរពេទ្យចំនួនបីផ្សេងទៀតនៅតំបន់ហ្កាហ្សា តាមក្បួនរថយន្តជាច្រើន ក្នុងពេលមានទិដ្ឋភាពនៃភាពអស់សង្ឃឹម និងសេចក្តីត្រូវការខ្លាំង។

យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា មន្ទីរពេទ្យ Al-Shifa ធ្លាប់ជាមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា ប៉ុន្តែជម្លោះឥតឈប់ឈរ និងចំនួនអ្នករងរបួសច្រើន បានធ្វើឱ្យសមត្ថភាពមន្ទីរពេទ្យនេះធ្លាក់ចុះខ្សោយ។

លោក Sean Casey អ្នកសម្របសម្រួលក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានពណ៌នាពីទីកន្លែងកើតហេតុ ដោយនិយាយថា គ្រូពេទ្យ និងគិលានុបដ្ឋាយិកា កំពុងប្រញាប់ប្រញាល់ ខណៈប្រជាជនកំពុងស្រែកយំ ពួកគេត្រូវការឈាមសម្រាប់កូនប្រុសស្រីរបស់ពួកគេដែលអាចនឹងស្លាប់។

អ៊ីស្រាអែល បានបដិសេធការដាក់គោលដៅទៅលើជនស៊ីវិល ក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅហ្កាហ្សា និងបានចោទប្រកាន់ក្រុមហាម៉ាសថា បានសាងសង់ផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងតំបន់ជនស៊ីវិលដែលមានប្រជាជនរស់នៅច្រើន។
ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម ជាសម្ព័ន្ធមិត្តសកម្មប្រយុទ្ធ ដែលក្រុមទាំងពីរនេះបានស្បថចំពោះការបំផ្លាញអ៊ីស្រាអែល ត្រូវបានគេជឿថាកំពុងចាប់ចំណាប់ថ្នូរជាង ១០០នាក់ក្នុងចំណោម ២៤០ នាក់ដែលពួកគេចាប់ទៅ ក្នុងអំឡុងពេលការវាយសម្រុកចូលកាលពីថ្ងៃទី ៧ ខែតុលា ឆ្លងកាត់ក្រុងនានារបស់អ៊ីស្រាអែល ដែលនៅពេលនោះបានសម្លាប់មនុស្ស ១.២០០ នាក់។