រដ្ឋាភិបាលប្រទេសជប៉ុន មានផែនការផ្តល់ទៅឱ្យសហរដ្ឋអាមេរិកនូវមីស៊ីលស្ទាក់ចាប់ ប៉ាទ្រីយ៉ូត(Patriot) ជាកម្មសិទ្ធិរបស់កងកម្លាំងស្វ័យការពារប្រទេសជប៉ុន។

រដ្ឋាភិបាល បានពិនិត្យឡើងវិញនូវគោលការណ៍ណែនាំរបស់ខ្លួន ស្តីពីការផ្ទេរឧបករណ៍ការពារជាតិ។ នេះបានធ្វើឱ្យប្រទេសជប៉ុន អាចនាំចេញយុទ្ធោបករណ៍ផលិតក្នុងស្រុក ក្រោមអាជ្ញាប័ណ្ណពីក្រុមហ៊ុនបរទេសទៅកាន់ប្រទេស ដែលអ្នកកាន់អាជ្ញាប័ណ្ណមានមូលដ្ឋាន។

ប្រព័ន្ធដែលទីក្រុងតូក្យូ បានសម្រេចបញ្ជូនទៅកាន់សហរដ្ឋអាមេរិក កំពុងស្ថិតក្រោមច្បាប់ពិនិត្យឡើងវិញ មានប្រព័ន្ធ PAC-2 ដែលត្រូវបានប្រើជាចម្បងសម្រាប់ការស្ទាក់ចាប់យន្តហោះ និងមីស៊ីលស៊ីបគោលដៅ ព្រមទាំងប្រព័ន្ធ PAC-3 ដែលស្ទាក់ចាប់មីស៊ីលបាលីស្ទីក។
ក្រសួងការពារជាតិជប៉ុន បាននិយាយថា ការសម្រេចនេះ បានធ្វើឡើងតាមសំណើរបស់សហរដ្ឋអាមេរិក ដែលឃ្លាំងស្តុកមីស៊ីលស្ទាក់ចាប់ បានថយចុះជាបន្តបន្ទាប់ ខណៈសហរដ្ឋអាមេរិក បានបញ្ជូនជំនួយយោធាទៅឲ្យប្រទេសអ៊ុយក្រែន។
ទីក្រុងតូក្យូ មានផែនការបញ្ជូនប្រព័ន្ធស្ទាក់ចាប់មីស៊ីល PAC-2 ដែលបច្ចុប្បន្នគ្រប់គ្រងដោយកងកម្លាំងស្វ័យការពាររបស់ប្រទេស ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមមន្ត្រីនិយាយថា វានឹងត្រូវចំណាយពេលច្រើនឆ្នាំ សម្រាប់ក្រុមហ៊ុនផលិតរបស់ជប៉ុន ដើម្បីផលិតប្រព័ន្ធថ្មី និងនាំចេញពួកវា។
មន្ត្រីក្រសួងការពារជាតិ បាននិយាយថា ពួកគេនឹងពិភាក្សាលម្អិតបន្ថែមទៀតអំពីផែនការជាមួយសមភាគីសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។ មន្ត្រីនិយាយបន្ថែមថា ឃ្លាំងផ្ទុកមីស៊ីលប៉ាទ្រីយ៉ូតផ្ទាល់ខ្លួនរបស់ជប៉ុន មិនគ្រប់គ្រាន់នោះទេ។