ទិន្នន័យតាមដានជើងហោះហើរ បានបង្ហាញនៅព្រឹកថ្ងៃអង្គារនេះថា យន្តហោះមួយគ្រឿង ដែលបានឃាត់ទុកនៅប្រទេសបារាំងអស់រយៈពេលជាច្រើនថ្ងៃ ជុំវិញការព្រួយបារម្ភពីអ្នកដំណើរជនជាតិឥណ្ឌាជិត៣០០នាក់ ជាផ្នែកនៃផែនការជួញដូរមនុស្ស បានមកចុះចតនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។

ដំបូងឡើយ យន្តហោះ Airbus A340 បានធ្វើដំណើរទៅកាន់ប្រទេសនីហ្គារ៉ាហ្គ័រ នៅពេលនោះ យន្តហោះត្រូវបានឃាត់ទុកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅអាកាសយានដ្ឋាន Vatry ភាគខាងកើតទីក្រុងប៉ារីស ជាកន្លែងដែលយន្តហោះបានឈប់ដើម្បីចាក់ប្រេង។ យន្តហោះនេះ បានមកដល់ពីទីក្រុងឌូបៃ ហើយមានព័ត៌មានអនាមិកថា យន្តហោះកំពុងដឹកជនរងគ្រោះដែលអាចកើតមានពីការជួញដូរមនុស្ស។

គេហទំព័រតាមដានអាកាសចរណ៍ Flightradar24 បានបង្ហាញថា ក្នុងចំណោមអ្នកដំណើរដំបូង ៣០៣នាក់ នៅក្នុងបញ្ជីអ្នកដំណើរ មានអ្នកដំណើរ២៧៦នាក់ នៅលើយន្តហោះដែលបានចេញដំណើរមុនម៉ោង៣ រសៀលកាលពីថ្ងៃច័ន្ទ។ យន្តហោះបានចុះចត នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបុមបៃ បន្ទាប់ពីបានហោះហើរជិត៩ម៉ោង។ ក្នុងចំណោមអ្នកដំណើរដែលនៅខាងក្រោយ ជាមនុស្សពីរនាក់ត្រូវបាននគរបាលបារាំងសាកសួរជុំវិញការការជួញដូរមនុស្សដែលសង្ស័យ ប៉ុន្តែប្រភពពីតុលាការ បាននិយាយថានគរបាលបានដោះលែងពួកគេបន្ទាប់ពីដឹងថា អ្នកដំណើរទាំង ៣០៣នាក់ បានឡើងលើយន្តហោះតាមឆន្ទៈដោយសេរីរបស់ពួកគេ។
ប្រភពតុលាការបាននិយាយថា អាជ្ញាធរបារាំង កំពុងបន្តស៊ើបអង្កេតករណីបំពានច្បាប់អន្តោប្រវេសន៍ ប៉ុន្តែពុំមានការជួញដូរមនុស្សនោះទេ។
រដ្ឋបាលបាននិយាយថា មនុស្ស២៥នាក់ ផ្សេងទៀត បានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសបារាំង ដែល៥នាក់ ក្នុងចំណោមពួកគេគឺជាអនីតិជន។ ពាក្យស្នើសុំរបស់ពួកគេ នឹងត្រូវបានដំណើរការនៅអាកាសយានដ្ឋាន Charles de Gaulle។