ទឹកជំនន់បានបង្ខំឲ្យមនុស្ស ៩.៩៦៧នាក់ ក្នុងប្រទេសម៉ាឡេស៊ី ត្រូវជម្លៀសខ្លួនគិតត្រឹមថ្ងៃច័ន្ទ (២៥ ធ្នូ) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។

យោងតាមនាយកដ្ឋានសុខុមាលភាពសង្គមរបស់ប្រទេសនេះបានឱ្យដឹងថា អ្នកដែលត្រូវបានជម្លៀសទាំងនោះត្រូវបានគេដាក់ឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលសម្រាលបន្ទុកទឹកជំនន់ចំនួន ១២១ទីតាំងនៅក្នុងរដ្ឋចំនួនបួន។

ជាមួយគ្នានោះដែរ អធិការរងនគរបាលស្រុក ផាសឺ ម៉ាស (Pasir Mas) លោក ស៊ុបនីក អាមីនុដឌីន រ៉ាចាអាបឌុលឡាហ្វ (Supt Nik Aminuddin Raja Abdullah) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ខណៈដែលម្នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងទឹកជំនន់ក្នុងរដ្ឋ ខេឡានតាន (Kelantan)។
នាយកដ្ឋានឧតុនិយមបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ដោយសារខ្យល់មូសុងឦសាន ដែលជាធម្មតាអូសបន្លាយពីខែតុលា ដល់ខែមីនា ជាមួយនឹងខ្យល់បក់ខ្លាំង និងកំណើនទឹកសមុទ្រដែលរំពឹងទុក នៅក្នុងរដ្ឋភាគខាងជើង និងឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕