ឯកសារនៃច្បាប់កែណ្ឌកងកម្លាំង ដែលបានបង្ហោះនៅលើគេហទំព័ររបស់សភាអ៊ុយក្រែន កាលពីល្ងាចថ្ងៃចន្ទ បានស្នើឱ្យបន្ថយអាយុអ្នកដែលអាចត្រូវបានកែណ្ឌសម្រាប់កាតព្វកិច្ចប្រយុទ្ធមកត្រឹមអាយុ២៥ឆ្នាំ ពី អាយុ២៧ឆ្នាំ។ ការផ្លាស់ប្តូរដែលបានស្នើ ធ្វើឡើង ខណៈការប្រយុទ្ធគ្នារយៈពេល ២២ ខែរបស់អ៊ុយក្រែនប្រឆាំងរុស្ស៊ី បានអូសបន្លាយពេល។

ឯកសារកែណ្ឌ បានរៀបរាប់លម្អិត ពីពលរដ្ឋអ៊ុយក្រែនណាដែលនឹងត្រូវកំណត់ចុះឈ្មោះសម្រាប់ការចុះឈ្មោះយោធា និងបាននិយាយថា វានឹងអនុវត្តចំពោះអ្នកដែល មានអាយុពី២៥ឆ្នាំ។
កំណត់សម្គាល់ដែលមានការពន្យល់ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rustem Umerov ដែលបានសង្ខេបច្បាប់កែណ្ឌសំខាន់ៗ ដោយនិយាយថាពួកគេរួមបញ្ចូលទាំងការផ្លាស់ប្តូរអាយុទាហានពី ២៧ឆ្នាំ មកត្រឹម២៥ ឆ្នាំ។

ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយទៅកាន់សន្និសីទសារព័ត៌មានថា យោធាបានស្នើកែណ្ឌកម្លាំងប្រជាជនអ៊ុយក្រែនបន្ថែមទៀតពី ៤៥០.០០០ នាក់ទៅ ៥០០.០០០នាក់ ប៉ុន្តែ វាជាបញ្ហា ដ៏រសើបខ្លាំង ដែលយោធា និងរដ្ឋាភិបាល នឹងពិភាក្សាមុននឹងសម្រេចថាតើត្រូវបញ្ជូនសំណើទៅសភាឬយ៉ាងណា។
ចំនួនទាហានអ៊ុយក្រែន មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែកន្លងមកត្រូវបានគេនិយាយថា ប្រទេសនេះមានមនុស្សប្រហែល ១ លាននាក់កាន់អាវុធ។ មន្ត្រីអាមេរិក ប៉ាន់ប្រមាណថា មនុស្សរាប់សែននាក់បានស្លាប់ និងរបួសចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន។