ពិធីបុណ្យដើម្បីស្វាគមន៍ឆ្នាំថ្មីគឺអាចនឹងមិនសូវមានភាពរីករាយនោះទេនៅក្នុងខេត្ត ហាតាយ (Hatay) នៃប្រទេសទួរគី ខណៈអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសកាលពីខែកុម្ភៈ ឆ្នាំនេះនៅតែកាន់ទុក្ខជនរងគ្រោះនិងអ្នកបាត់ខ្លួន។

កាលពីថ្ងៃទី០៦ ខែកុម្ភៈ គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានវាយប្រហារផ្នែកភាគខាងត្បូងនៃប្រទេសទួរគី ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបណ្ដាលឲ្យអគាររាប់មិនអស់ដួលរលំ។
ខេត្តហាតាយ ដែលមានប្រវត្តិដ៏យូរលង់ និងមានសារីរិកធាតុវប្បធម៌ដ៏សម្បូរបែប គឺជាខេត្តមួយក្នុងចំណោមខេត្តរបស់ប្រទេសទួរគី ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ធំនោះ។

នៅក្នុងភូមិតូចមួយឈ្មោះថា វាគីហ្វ្លី (Vakifli) ក្នុងខេត្តហាតាយ អ្នកស្រុកជាច្រើនឥឡូវនេះនៅតែស្នាក់នៅក្នុងខ្ទមតូចៗ ខណៈដែលផ្ទះថ្មជាច្រើននៅក្នុងភូមិត្រូវបានខូចខាតអំឡុងពេលរញ្ជួយដី។

ពួកគេបាននិយាយថា ការប្រារព្ធពិធីចូលឆ្នាំនៅក្នុងភូមិសម្រាប់រដូវវិស្សមកាលឆ្នាំនេះនឹងមានលក្ខណៈតិចតួចមិនធំដុំនោះទេ។ សម្រាប់មនុស្សជាច្រើននៅខេត្តហាតាយ ភាពសោកសៅនៃការរញ្ជួយដីកំពុងបញ្ចេញស្រមោលនៅរដូវវិស្សមកាលនេះ៕