ប្រទេសប៉ាគីស្ថាន នៅឆ្នាំនេះបានមើលឃើញចំនួនខ្ពស់បំផុតនៃការវាយប្រហារអត្តឃាតនៅទូទាំងប្រទេសក្នុងរយៈពេលមួយទសវត្សរ៍មកនេះ នេះបើយោងតាមក្រុមអ្នកគិតដែលមានមូលដ្ឋាននៅទីក្រុង អ៊ីស្លាម៉ាបាដ (Islamabad) បាននិយាយកាលពីថ្ងៃច័ន្ទ (២៥ ធ្នូ)។

ការវាយប្រហារអត្តឃាតសរុបចំនួន ២៩ករណីបានកើតឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤ ជាឆ្នាំដែលការបំផ្ទុះអត្តឃាតចំនួន ៣០ករណីត្រូវបានរាយការណ៍ នេះបើយោងតាមរបាយការណ៍ស្ថិតិដែលចេញផ្សាយដោយវិទ្យាស្ថានប៉ាគីស្ថានសម្រាប់ការសិក្សាអំពីជម្លោះ និងសន្តិសុខ (PICSS)។

យ៉ាងហោចណាស់មនុស្ស ៣២៩នាក់បានស្លាប់ និងមនុស្ស ៥៨២នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារអត្តឃាតនៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងឆ្នាំ២០២៣នេះ។ ការវាយប្រហារអត្តឃាតបានកើនឡើងចំនួន ៩៣ភាគរយនៅឆ្នាំនេះធៀបនឹងឆ្នាំ២០២២ ចំណែកឯអ្នកស្លាប់កើនឡើងចំនួន ២២៦ភាគរយ និងរបួសកើនឡើង ១០១ភាគរយ។

របាយការណ៍នោះបានបន្ថែមថា ការវាយប្រហារភេរវកម្មសរុបចំនួន ៦២៣ករណីត្រូវបានរាយការណ៍នៅឆ្នាំនេះ បើធៀបនឹងតួលេខ ៣៨០ករណីក្នុងឆ្នាំ២០២២។
របាយការណ៍បានបន្ថែមថា បុគ្គលិកសន្តិសុខប្រហែល ១៥៧នាក់ ត្រូវបានសម្លាប់ និងចំនួន ៣៤០នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនោះដោយមនុស្សចំនួន ១៣០នាក់បានស្លាប់ និងមនុស្ស ២៤២នាក់រងរបួសសម្រាប់ជនស៊ីវិល៕