សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភចំពោះប្រតិបត្តិការរបស់កូរ៉េខាងជើង លើម៉ាស៊ីនរ៉េអាក់ទ័រទឹកណឺតថ្មីមួយនៅឯបរិវេណនុយក្លេអ៊ែររបស់ប្រទេសនេះ បន្ទាប់ពីទីភ្នាក់ងារសកលលោក ដែលគ្រប់គ្រងការអភិវឌ្ឍន៍នុយក្លេអ៊ែរ បានរាយការណ៍ពីសកម្មភាពកើនឡើងនៅរោងចក្រនេះ។

ក្រុមអ្នកជំនាញបានវាយតម្លៃថា ម៉ាស៊ីនរ៉េអាក់ទ័រនេះអាចជួយក្រុងព្យុងយ៉ាង ផលិតសមាសធាតុផ្លូតូនីញ៉ូម កម្រិតអាវុធ ដែលត្រូវបានគេចាត់ទុកថាគួរឱ្យចង់បានសម្រាប់ក្បាលគ្រាប់ធុនតូចនៅក្នុងអាវុធ ដូចជាមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។

បេសកកម្មរបស់សហរដ្ឋអាមេរិកនៅអង្គការអន្តរជាតិក្នុងទីក្រុងវីយែន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា ការដាក់ឱ្យដំណើរការរោងចក្ររបស់ទីក្រុងព្យុងយ៉ាងនេះ «ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង រួមទាំងកង្វល់សុវត្ថិភាព» និងបានគាំទ្រដល់ការត្រួតពិនិត្យកាន់តែខ្លាំងឡើងដោយទីភ្នាក់ងារអាតូមិកអន្តរជាតិ (IAEA) ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីអង្គការឃ្លាំមើលថាមពលនុយក្លេអ៊ែរ IAEA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ថាខ្លួនបានសង្កេតឃើញសញ្ញានៃសកម្មភាពនៅម៉ាស៊ីនរ៉េអាក់ទ័រទឹកណឺត យ៉ុងប្យុន (Yongbyon-LWR) ដែលពង្រឹងការសង្កេតជាមុននៃ «លំហូរទឹកខ្លាំង» ពីប្រព័ន្ធត្រជាក់របស់ម៉ាស៊ីនរ៉េអាក់ទ័រចាប់តាំងពីពាក់កណ្តាលខែតុលាមក៕