ស្នូកឃ័រ៖ កីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានបើកកំណត់ត្រាថ្មីមួយទៀតហើយ ក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍ដ៏ធំនៅសាធារណរដ្ឋកូរ៉េ គឺការប្រកួតពានរង្វាន់ Blue One Resort Championship 2021 ដោយដណ្ដើមបានជើងឯក បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ១សប្ដាហ៍ ខណៈចុងក្រោយបានយកឈ្នះជើងឯកខ្លាំងរបស់ម្ចាស់ផ្ទះកូរ៉េ Kim Gayoung ដោយលទ្ធផល ៣-១សិត។

ស្រួង ភាវី បានបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលខ្លួនបានសម្រេចចិត្តចូលរួមប្រកួតព្រឹត្តិការណ៍ដ៏ធំនៅកូរ៉េនេះ បន្ទាប់ពីលោកស្រីបានចុះកុងត្រារយៈពេល ១ឆ្នាំជាមួយក្រុមហ៊ុន Blue One Resort ដើម្បីចូលរួមការប្រកួតផ្សេងៗ។ ជាលទ្ធផលលោកស្រីពិតជាមានមោទនភាពជាខ្លាំងដែលធ្វើបានជោគជ័យ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាច្រើនដំណាក់កាល ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ កីឡាការិនីមានដើមកំណើតពីខេត្តត្បូងឃ្មុំរូបនេះបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានកីឡាការិនីជើងខ្លាំងចម្រុះជាតិសាសន៍ ដែលប្រកួតតំណាងក្រុមហ៊ុនរៀងៗខ្លួនជាង ៧០នាក់ចូលរួម ហើយ ភាវី បានឆ្លងកាត់ការប្រកួតយ៉ាងហោច ៧ប្រកួត មុនឡើងវគ្គផ្ដាច់ព្រ័ត្រជួបកីឡាការិនីកូរ៉េ Kim Gayoung ហើយបានយកឈ្នះកីឡាការិនីមានបទពិសោធន៍ជាង ២០ឆ្នាំនេះក្នុងលទ្ធផល ៣-១សិតជាមួយពិន្ទុ ៧-១១, ១១-៤, ១១-១០ និង ១១-៩ពិន្ទុដើម្បីគ្រងជើងឯកពានរង្វាន់ Blue One Resort Championship 2021 តែម្ដង។
ជាមួយជ័យជម្នះនេះបានធ្វើឲ្យ ភាវី សប្បាយចិត្តជាខ្លាំង ពិសេសបានធ្វើឲ្យប្រជាពលរដ្ឋកូរ៉េ និងប្រជាជនកម្ពុជាស្គាល់ខ្លួនកាន់តែច្បាស់ ហើយតាមរយៈការឈ្នះជើងឯកពានរង្វាន់កម្រិតពិភពលោកនេះ ភាវី បានទទួលបានរង្វាន់សរុប ២០លានវ៉ុនស្មើនឹងជិត ១៨,០០០ដុល្លារឯណោះ។ ចំពោះប្រាក់រង្វាន់នេះដែរ ខ្លួននឹងបែងចែកផ្ដល់ជូនឪពុកម្ដាយរបស់ខ្លួន ខណៈមួយផ្នែកទៀតនឹងយកទៅទិញសម្ភារៈ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតនៅស្រុកកំណើតរបស់ខ្លួនទៀតផង៕
អត្ថបទ៖ លី ឈុនឡា