ភ្នំពេញ៖ មនី្ទរពេទ្យកុមារជាតិ បានចូលរួមអនុវត្តនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី អាណតិ្តទី៧ ដោយទទួលព្យាបាលជំងឺជូនកុមារ ដែលមានប័ណ្ណ ប.ស.ស. (បេឡាជាតិសន្តិសុខសង្គម) ដែលមិនចំណាយថវិកា ក្នុងការមកទទួលសេវាក្នុងមនី្ទរពេទ្យ។
ឯកឧត្តមសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះថា បច្ចុប្បន្នរាជរដ្ឋាភិបាលថ្មី អាណតិ្តទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមានប័ណ្ណប.ស.ស.(បេឡាជាតិសន្តិសុខសង្គម) សម្រាប់កុមារ ទន្ទឹមនឹងនោះឯកឧត្តមសាស្រ្តាចារ្យ ក៏បានជម្រុញឲ្យមន្រី្តរាជការស៊ីវិល នាំកូនៗចុះឈ្មោះបំពេញបែបបទធ្វើប័ណ្ណប.ស.ស.។ ដូច្នេះមន្រី្តរាជការស៊ីវិល ដែលបានចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. ជូនកូនៗរួចរាល់ហើយនោះ សូមអញ្ជើញនាំកុមារ ដែលមានអាការៈមិនស្រួលខ្លួន ឬមានជំងឺ សូមអញ្ជើញមកទទួលការព្យាបាលជំងឺនៅមនី្ទរពេទ្យកុមារជាតិ ដែលមិនត្រូវការបង់ថវិកានោះទេ។
ចំណែកប្រជាពលរដ្ឋមកពីខេត្តស្វាយរៀង កំពង់ចាម និងរាជធានីភ្នំពេញ បាននិយាយថា ថ្ងៃនេះបាននាំកូនៗមកពិនិត្យសុខភាព និងទទួលថ្នាំបង្ការការពារជំងឺ បើនិយាយជារួម លោកគ្រូ អ្នកគ្រូពេទ្យ នៃមនី្ទរពេទ្យកុមារជាតិ គឺយកចិត្តទុកដាក់ រុសរាយរាក់ទាក់ និងផ្តល់សេវាកម្មល្អ។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះបញ្ចកោណទី១ គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្សឲ្យមានគុណភាព និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុតសម្រាប់ការជម្រុញពិពិធកម្ម និងកំណើតសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន៕អត្ថបទ រដ្ឋា










