ក្រុមអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាមើលឃើញថា ជំនាញលើវិស័យទាំង១០ ដែលមានក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន១,៥ លាន របស់រាជរដ្ឋាភិបាលគឺសុទ្ធសឹងតែជាជំនាញឋិតក្នុងទីផ្សារការងារខ្ពស់ ហើយជាជំនាញដែលឋិតក្នុងចំណាប់អារម្មណ៍យុវជនក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ។
ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជ្រើសយកវិស័យចំនួន១០មានដូចជា វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ទេសចរណ៍ សេវកម្ម កសិកម្ម និងកសិឧស្សាហកម្ម អគ្គិសនី និងថាមពល អេឡិចត្រនិច និងកម្មន្តសាល សម្រាប់ដាក់បញ្ចូលជាមុខវិជ្ជាក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។

លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីថា «ជំនាញទាំងអស់ខាងលើនេះគឺឋិតនៅក្នុងចំណោមជំនាញដែលមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជិត២០ឆ្នាំមកនេះ ។ ជាពិសេសនាពេលបច្ចុប្បន្ននេះមានតម្រូវការខាងសំណង់ សម្ភារៈពាណិជ្ជកម្ម និងអាជីវកម្មផ្នែកព័ត៌មានវិទ្យា ផ្នែកឌីជីថល មេកានិចទូទៅ រថយន្ត បរិក្ខាម៉ាស៊ីនត្រជាក់ និងតម្រូវការក្នុងអាគារជាច្រើននាពេលបច្ចុប្បន្នក្នុងសង្គមកម្ពុជា »។
លោកបណ្ឌិតបន្ថែមថា ជំនាញនីមួយៗទាំងអស់ដែលបានដាក់ចេញដោយរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ សែននាក់នេះ សុទ្ធសឹងតែអាចផ្លាស់ប្តូជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបាន ពីព្រោះនៅពេលពលរដ្ឋមានជំនាញវិជ្ជាជីវៈច្បាស់លាស់ពួកគេអាចបើកការរកស៊ីដោយខ្លួនឯងផ្ទាល់ ក៏ដូចជាឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនឯកជនមួយចំនួនផងដែរ ។
លោកបណ្ឌិតលើកឡើងដែរថា យុវជន យុវនារី ដែលមិនចង់ទៅបន្តការសិក្សាផ្នែកឧត្តមសិក្សា សូមយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដើម្បីប្រែក្លាយខ្លួនឯងជាកម្លាំងពលកម្មស្នូលនៃសេដ្ឋកិច្ចជាតិ ដោយផ្អែកលើការលើកកម្ពស់សមត្ថិភាពជាក់ស្តែងពោលគឺចំណេះជំនាញពិត ។
ចាប់តាំងពីរដ្ឋាភិបាលបើកឱ្យយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេសមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលសិស្សចុះឈ្មោះចូលរៀនច្រើនជាងគេលើមុខជំនាញក្នុងវិស័យចំនួន៤ ដូចជា ធុរកិច្ច និងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ។

សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជ្យបណ្ឌិត្យសភាកម្ពុជាមើលឃើងថា៖ «ជំនាញទាំង៤នេះបើទោះបីគាត់មិនចង់បម្រើការងារនៅក្រុមហ៊ុន ឬរោងចក្រឯកជន ក៏ពួកគេអាចប្រកបរបរដោយខ្លួនឯងបានដែរ ។ ក្នុងនោះបច្ចេកវិទ្យាព័ត៌មាន ទាក់ទងនិងកម្មវិធីទូរស័ព្ទ គ្រប់គ្រងអាជីវកម្ម មេកានិចគាត់អាចបើកជាជាងរថយន្ត ហើយបរិក្ខាត្រជាក់គាត់អាចធ្វើម៉ាស៊ីនត្រជាក់ និងជួសជុលឡាន អីជាដើម ។ ដូច្នេះហើយទើបយុវជនមានការចាប់អារម្មណ៍ច្រើនលើជំនាញទាំងនេះ ។
លោកបណ្ឌិតបន្ថែមថា យុវជនដែលមានបំណងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលគួរតែមកទំនាក់ទំនងមកកាន់វិទ្យាស្ថានផ្ទាល់ដើម្បីជ្រើសរើសជំនាញមួយដែលល្អសម្រាប់ពួកគេ ដើម្បីឱ្យជាតម្រូវការទីផ្សារខ្ពស់នាពេលបច្ចុប្បន្ន ។ យុវជនគួរតែក្រឡេកមកចាប់អារម្មណ៍បណ្តាជំនាញជាច្រើនទៀតដែលក្រសួងការងារបានដាក់ចូលទៅក្នុងវគ្គបណ្តុះបណ្តាល១,៥ លាននាក់ ផងដែរ ។
គូរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ឱ្យអនុវត្តន៍នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ កន្លងទៅ ។ ក្នុងនោះដែរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវវិស័យចំនួន១០ សម្រាប់ការបណ្តុះបណ្តាលនេះ ក្នុងនោះមានដូចជា វិស័យធុរកិច្ចនិងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ទេសចរណ៍ សេវកម្ម កសិកម្ម និងកសិឧស្សាហកម្ម អគ្គិសនី និងថាមពល អេឡិចត្រនិច និងកម្មន្តសាល ផងដែរ៕




