បន្ទាយមានជ័យ ៖ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គសិក្ខាសាលាបូកសរុបកាងាររីកចម្រើនរបស់វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទប្រចាំឆ្នាំ ២០២៣ និងកែសម្រួលតួនាទី និងភារកិច្ចក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ក្រោមជាតិក្នុងខេត្ត ជូនដល់លោក លោកស្រី អ្នកពាក់ព័ន្ធ ធ្វេីឡេីងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
លោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លេីកឡេីងថា អត្រាគ្របដណ្តប់ផ្នែកផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅក្នុងខេត្ត មានភាពល្អបង្គួរក៏ពិតមែន ប៉ុន្តែអ្វីដែលត្រូវចាប់អារម្មណ៍នោះគឺ គ្រួសារប្រជាពលរដ្ឋភាគច្រើននៅឯជនបទ នៅតែបរិភោគទឹកស្រះ ត្រពាំង អាង បឹងបួរ ស្ទឹង អូរ ប្រឡាយដោយពុំបានឆ្លង កាត់ការច្រោះ ឬដាំឲ្យពុះទៅជាទឹកមានសុវត្ថិភាពដើម្បីហូបចុកនៅឡើយ ។ លោក បញ្ជាក់ថា កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យមេរោគបានជ្រៀតចូលក្នុងសារពាង្គកាយ បង្កឡើងជាជម្ងឺផ្សេងៗ ប៉ះពាល់ដល់សុខភាព សតិបញ្ញាស្មារតី រំខានដល់ពេលវេលា ក្នុងការរកចំណូលចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត បានកោតសរសើរមន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត ជាមួយបណ្តាមន្ទីរពាក់ព័ន្ធ-ស្ថាប័នជុំវិញខេត្ត អង្គការក្រៅរដ្ឋាភិបាល ជាតិ-អន្តរជាតិ ដែលបានលះបង់ កំលាំងកាយចិត្ត ពេលវេលា សំភារៈ ថវិកាចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សំដៅលើកកម្ពស់អនាម័យជនបទខេត្តសម្រេចគោលដៅយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យត់ផ្គង់ទឹកស្អាតនិង អនាម័យជនបទ ២០១៤-២០២៥ របស់រាជាដ្ឋាភិបាល។
ជាមួយគ្នានោះ លោក ក៏បានអំពាវនាវអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ស្រុក-ក្រុង គ្រប់សាលារៀន មណ្ឌលសុខភាព វត្តអារាមត្រូវលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការអប់រំផ្សព្វផ្សាយ អំពីបញ្ហាសុខភាព-អនាម័យជូនដល់ប្រជាពលរដ្ឋ ឱ្យល់ជ្រួតជ្រាបពីការកែប្រែទម្លាប់ ដែលអាចផ្ដល់ផលជាវិជ្ជមានក្នុងការប្រតិបត្តិអនាម័យល្អដូចជា ការបរិភោគអាហារដែលទុកដាក់ប្រកបដោយអនាម័យ ការទទួលទានទឹកឆ្អិន ឬទឹកមានសុវត្ថិភាព ការបន្ទោងក្នុងបង្គន់អនាម័យ និង ការលាងសម្អាតដៃជាមួយសាប៊ូក្រោយពេលបន្ទោរបង់ និងមុនពេលបរិភោគអាហារជាដើម៕ អត្ថបទ រឿង ចន្ទ្រា












