ភ្នំពេញ ៖ ស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯកបានសាងសង់រួចរាល់ហើយ នារសៀលនេះក៏បានប្រារព្ធពិធីប្រុងពលីតាមបែបសាសនានៅមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃស្អែកនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចម្រើន នៅមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ពិធីប្រុងពាលីជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផលដែលបានសាងសង់រួច ឬមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឱ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចម្រើនដល់អ្នកប្រើប្រាស់សមិទ្ធិផលទាំងនោះ។
សូមជម្រាបថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកនេះ បានធ្វើពិធីប្រុងពាលីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ហើយនៅព្រឹកថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានឱ្យដឹងហើយថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាងបង្ហូរទឹកបូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក។ ស្ថានីយនេះក៏មានការសាងសង់ ផ្លូវសម្រាប់ថែទាំប្រឡាយ មានទទឹងផ្លូវ ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ ម៉ែត្រ ជីកដាក់បំពង់លូបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពីសំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ ហិចតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ ១៩ ហិចតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលរាជរដ្ឋាភិបាលបានកាត់ឆ្កៀលសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។ ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ ដែលកើតចេញពីស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បន្ថែមទៀតផងដែរ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





