
ទោះបីជាកងទ័ពអ៊ីស្រាអែល ពង្រីកការលុកលុយរបស់ខ្លួននៅតំបន់ហ្កាហ្សា ភាគខាងត្បូងស្របពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយក្រុមហាម៉ាសក៏ដោយ ក៏ការវាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នាដោយហិង្សានៅតែបន្តកើតមាននៅទីក្រុងហ្កាហ្សា ភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធនេះ ដែលនាំឱ្យមានកង្វះខាតធ្ងន់ធ្ងរនៃសម្ភារៈសំខាន់ៗដូចជាអាហារ ទឹកផឹក និងធនធានវេជ្ជសាស្រ្ត ដែលធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើងក្នុងតំបន់ប៉ាឡេស្ទីនមួយនេះ។
យោងតាមភ្នាក់ងារព័ត៌មានរបស់សម្ព័ន្ធបណ្ដាញព័ត៌មានចិន បានឲ្យដឹងថាប្រជាជននៅក្នុងទីក្រុងនេះមិនត្រឹមតែស៊ូទ្រាំនឹងការវាយប្រហារដ៏ញឹកញាប់ប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃតម្រូវការប្រចាំថ្ងៃ និងការផ្គត់ផ្គង់ថ្នាំពេទ្យ ដែលរារាំងដល់លទ្ធភាពទទួលបានការព្យាបាលត្រឹមត្រូវ។
ក្រៅពីបង្កការបំផ្លិចបំផ្លាញ ឬខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន រួមទាំងលំនៅឋានជនស៊ីវិល និងមន្ទីរពេទ្យនៅហ្កាហ្សា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលជាការសងសឹកចំពោះការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ទៅលើអ៊ីស្រាអែល បាននាំឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់ និងរបួសរាប់ម៉ឺននាក់៕