
អ្នកជំនាញខាងអាកាសធាតុបាននិយាយថា ប្រទេសចិន ដែលកំពុងតែទប់ទល់ជាមួយនឹងខែធ្នូដ៏ត្រជាក់បំផុតមួយក្នុងកំណត់ត្រារបស់ខ្លួន ទំនងជានឹងត្រូវទប់ទល់នឹងកម្ដៅដ៏ក្តៅគគុកមួយទៀត និងការកើនឡើងនៃអាកាសធាតុធ្ងន់ធ្ងរនៅឆ្នាំក្រោយ ដោយសារបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ នេះបើយោងតាមអ្នកជំនាញអាកាសធាតុជាន់ខ្ពស់ម្នាក់។
ឆ្នាំនេះត្រូវបានគេមើលឃើញថាប្រទេសចិន ទទួលរងការប្រែប្រួលពីសីតុណ្ហភាពក្តៅបំផុតកម្រិតបំបែកកំណត់ត្រារបស់ខ្លួនចាប់តាំងពីឆ្នាំ១៨៥០ ទៅជាភាពត្រជាក់ដ៏អាក្រក់ដែលបានបង្កកផ្នែកជាច្រើននៃប្រទេសនេះអស់រយៈពេលជិតពីរសប្តាហ៍នៅដើមខែនេះ។
លោក ចូវ ប៊ីង (Zhou Bing) ប្រធានអ្នកជំនាញនៃមជ្ឈមណ្ឌលអាកាសធាតុជាតិរបស់ប្រទេសចិន បាននិយាយនៅក្នុងរបាយការណ៍មួយដកស្រង់ដោយទូរទស្សន៍រដ្ឋ CCTV ថា «ឆ្នាំ២០២៤ អាចនឹងក្តៅជាងឆ្នាំនេះទៅទៀត ហើយវាក៏អាចជាឆ្នាំដែលអាកាសធាតុធ្ងន់ធ្ងរតអាចនឹងកាន់តែញឹកញាប់ និងមានឥទ្ធិពល»។
រដូវក្តៅកន្លងមកនេះ ទីក្រុងប៉េកាំងបានទទួលរងកម្ដៅកម្រិតបំបែកកំណត់ត្រា ខណៈទីប្រជុំជនដាច់ស្រយាលមួយនៅភាគពាយ័ព្យដ៏ស្ងួតរបស់ប្រទេសនេះបានកត់ត្រាសីតុណ្ហភាព ៥២អង្សាសេ ដែលជាកម្ដៅក្តៅបំផុតក្នុងកំណត់ត្រាសម្រាប់ប្រទេសចិន។ ព្យុះទីហ្វុង ក៏បាននាំមកនូវជំនន់ទឹកភ្លៀងមិនធ្លាប់មាននៅភាគខាងជើងនៃប្រទេសចិន ដែលបណ្តាលឱ្យមានទឹកជំនន់រីករាលដាល៕