
ប្រធានាធិបតីបេឡារុសលោក អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko) បាននិយាយថា រុស្ស៊ី បានបញ្ចប់ការប្រគល់អាវុធនុយក្លេអ៊ែរដល់ប្រទេសរបស់ខ្លួនហើយ។
លោកលូកាសិនកូ បានស្ថិតនៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ុបអាស៊ី កាលពីថ្ងៃចន្ទ នៅពេលលោក បានប្រាប់អ្នកសារព័ត៌មានថា ការប្រគល់អាវុធនុយក្លេអ៊ែរចុងក្រោយ ពីវិមានក្រឹមឡាំង បានកើតឡើង កាលពីដើមខែតុលា។
លោកមិនបានបញ្ជាក់ថាតើសព្វាវុធអ្វីខ្លះដែលរុស្ស៊ី បានបញ្ជូនទៅប្រទេសរបស់លោកនោះទេ ប៉ុន្តែលោកបានអះអាងថា«អ្វីៗនៅត្រូវបានដាក់នៅកន្លែងត្រឹមត្រូវ និងស្ថិតក្នុងស្ថានភាពល្អ»។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីខែមីនាថា អាវុធនុយក្លេអ៊ែររយៈចម្ងាយខ្លី នឹងមានទីតាំងនៅក្នុងប្រទេសបេឡារុស ចំពេលមានសង្គ្រាមជាមួយអ៊ុយក្រែន។
ការសម្រេចនេះ ត្រូវបានថ្កោលទោសភ្លាមៗពីបណ្តាប្រទេសលោកខាងលិច ដោយវិទ្យាស្ថានសម្រាប់ការសិក្សាអំពីសង្គ្រាម (ISW) បានបញ្ជាក់នៅពេលនោះថា ការបង្កហេតុនេះ មានគោលបំណងបង្កើនការភ័យខ្លាចថា ជម្លោះនៅអ៊ុយក្រែន អាចកើនឡើងទៅជាសង្គ្រាមនុយក្លេអ៊ែរ។