
កាលពីថ្ងៃចន្ទម្សិលមិញ ជនអន្តោប្រវេសន៍នៅតំបន់ភាគខាងត្បូងម៉ិកស៊ិក បានធ្វើដំណើរឆ្លងកាត់រដ្ឋ Chiapas របស់ម៉ិកស៊ិក ក្រោយធ្វើដំណើរមកពីអាមេរិកកណ្តាលមកកាន់ព្រំដែនអាមេរិក ហើយពួកគេទាមទារឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenជួយពួកគេ ។
ក្រុមជនអន្តោប្រវេសន៍ដែលជាពលរដ្ឋមកពីអាមេរិកកណ្តាល និងតំបន់ការ៉ាអ៊ីប បានដើរតាមសងខាងផ្លូវ និងក្រោមកម្តៅព្រះអាទិត្យ ទៅកាន់ទីក្រុង Huixtla រដ្ឋ Chiapas ។ ពួកគេមួយចំនួន បានព.កូនក្នុងដៃ ជាជាងទុកកូនៗពួកគេចោល ។
ក្រុមអាជ្ញាធរក្នុងស្រុក បានប៉ាន់ប្រមាណថា ជនអន្តោប្រវេសន៍ជាមធ្យមចំនួន ៨ពាន់នាក់ បានធ្វើដំណើរក្នុង ១ថ្ងៃ ។
ក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken និងប្រធានសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកលោក Alejandro Mayorkas នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ិកស៊ិកនៅថ្ងៃពុធ ស្អែកនេះ ស្របពេលដែលរដ្ឋាភិបាលម៉ិកស៊ិក សន្យាថានឹងជួយសហរដ្ឋអាមេរិក ដោះស្រាយលំហូរជនអន្តោប្រវេសន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដែលព្យាយាមធ្វើដំណើរទៅកាន់ព្រំដែនអាមេរិក ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ជនអន្តោប្រវេសន៍ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីគេចចេញពីអំពើហិង្សា វិបត្តិសេដ្ឋកិច្ច និងផលប៉ះពាល់អវិជ្ជមានដោយសារបម្រែបម្រួលអាកាសធាតុ ។
ខណៈពេលនោះដែរ ជនអន្តោប្រវេសន៍រាប់រយនាក់ បានរៀបចំពិធីបុណ្យណូអែលផងដែរនៅព្រឹកថ្ងៃអង្គារនេះ នៅតំបន់ព្រំដែនម៉ិកស៊ិក-សហរដ្ឋអាមេរិក ស្ថិតក្នុងរដ្ឋ Arizona ពេលដែលពួកគេរង់ចាំក្រុមភ្នាក់ងារល្បាតព្រំដែនមកទទួលពួកគេ ។
ការប្រារព្ធពិធីបុណ្យណូអែលនេះដែរ បានកើតមានឡើង ក្រោយពេលប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងពង្រឹងវិធានការទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ ស្របពេលដែលលោកព្យាយាមជួយសហរដ្ឋអាមេរិកដោះស្រាយបញ្ហាចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលចង់ធ្វើដំណើរដល់តំបន់ព្រំដែនសហរដ្ឋអាមេរិក ៕