
យោងតាមក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលនឹងត្រូវបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងហោចណាស់ ៣០ពាន់លានសេកែល (ជាង ៨ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២៤ ខណៈដែលភ្លើងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស បានឆាបឆេះឡើង។
ក្រសួងនៅក្នុងឯកសារដែលដាក់ជូនសភា កាលពីថ្ងៃទី២៥ ខែធ្នូ បានលើកឡើងថា ថវិកាសរុបឆ្នាំ២០២៤ ប្រហែលជាត្រូវមានសរុបចំនួន ៥៦២ពាន់លានសេកែល (ជាង ១៥៥ពាន់លានដុល្លារ) បើធៀបនឹង ៥១៣ពាន់លានសេកែល (ជិត ១៤២ពាន់លានដុល្លារ) នៅពេលដែលផែនការចំណាយនេះ ត្រូវបានអនុម័តជាលើកដំបូង កាលពីខែឧសភាឆ្នាំមុន។
ក្រៅពីការចំណាយផ្នែកយោធានេះ ក្រសួងបានឲ្យដឹងទៀតថា ទឹកប្រាក់បន្ថែមចំនួន ១០ពាន់លានសេកែល នឹងត្រូវចំណាយលើការជម្លៀសមនុស្សប្រហែល ១២០.០០០នាក់ពីតំបន់ព្រំដែនភាគខាងជើង និងភាគខាងត្បូងរបស់អ៊ីស្រាអែល បង្កើនមូលនិធិ សម្រាប់ផ្នែកនគរបាល និងសេវាសន្តិសុខផ្សេងទៀត និងការកសាងឡើងវិញនូវការតាំងទីលំនៅ ដែលត្រូវបានបំផ្លាញ អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។
ការប៉ាន់ប្រមាណនេះ បង្ហាញពីការចំណាយហិរញ្ញវត្ថុខ្ពស់នៃសង្រ្គាម សម្រាប់អ៊ីស្រាអែល ដែលបានប្រមូលផ្តុំទាហានបម្រុងរាប់រយពាន់នាក់ សម្រាប់ប្រតិបត្តិការផ្លូវគោករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង ហើយបានដាក់ពង្រាយកងទ័ពបន្ថែមទៀត នៅភាគខាងជើង ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីពួកសកម្មប្រយុទ្ធហេសបូឡាហ៍ ដែលមានមូលដ្ឋាននៅក្នុងប្រទេសលីបង់។
ក្រសួងបានសង្កត់ធ្ងន់ថា ការផ្តល់មូលនិធិបន្ថែម នឹងត្រូវការ ដោយមិនគិតពីជំនួយបន្ថែមពីសហរដ្ឋអាមេរិក ដោយបានបន្ថែមថា ចំនួន ៤ពាន់លានសេកែល (ប្រមាណ ១ពាន់លានដុល្លារ) គឺត្រូវការសម្រាប់ការចំណាយលើបំណុល ដែលកាន់តែច្រើនឡើងៗ៕