រដ្ឋាភិបាលជប៉ុន បានប្រកាសថា ខ្លួនបានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងសមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស ៣រូបទៀត។
គណៈរដ្ឋមន្ត្រី នៅថ្ងៃអង្គារ (ទី២៦ ខែធ្នូ) នេះ បានអនុម័តបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ដែលត្រូវបានគេគិតថា មានតួនាទីប្រើប្រាស់មូលនិធិ សម្រាប់សកម្មភាពភេរវកម្ម។ ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីការសម្រេចស្រដៀងគ្នានេះរបស់រដ្ឋាភិបាល កាលពីខែតុលាប្រឆាំងនឹងសមាជិកក្រុមហាម៉ាសចំនួន ៩រូប។
រដ្ឋាភិបាលបានបញ្ជាក់ពីគោលជំហររបស់ខ្លួនឡើងវិញថា ជប៉ុនថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម ហើយនឹងធ្វើសកម្មបន្ថែមទៀត ដើម្បីកាត់ផ្តាច់ប្រភពចំណូលរបស់ក្រុមហាម៉ាស។
ប្រធានខុទ្ទកាល័យលោក Hayashi Yoshimasa បានប្រាប់អ្នកសារព័ត៌មានថា ការដាក់ទណ្ឌកម្មនេះមានគោលបំណងការពារចន្លោះប្រហោង ដែលអនុញ្ញាតឲ្យមានការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពរបស់ពួកភេរវករ។ លោកបានបន្ថែមថា រដ្ឋាភិបាលនឹងពិចារណាពីតម្រូវការ ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត៕