
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា យន្តហោះចម្បាំងអ៊ីស្រាអែលរាប់សិបគ្រឿង បានវាយប្រហារលើគោលដៅជាង ១០០កន្លែង នៅតំបន់ហ្កាហ្សា។
កងកម្លាំងការពារអ៊ីស្រាអែល បានអះអាងថា ក្នុងចំណោមនោះ មានផ្លូវរូងក្រោមដី និងមូលដ្ឋានយោធា ដែលប្រើដោយអង្គការជ្រុលនិយមប៉ាឡេស្ទីនហាម៉ាស។
របាយការណ៍ បានឲ្យដឹងថា ក្រុមភេរវករនៅទីក្រុងចាបាលៀ (Jabalia) ដែលបានប៉ុនប៉ងដាក់បង្កៃ គ្រឿងផ្ទុះ នៅជិតរថក្រោះអ៊ីស្រាអែល ត្រូវបានកម្ទេចចោលនៅពេលយប់ ដោយបន្ថែមថា ទាហានជើងគោក បានកំណត់គោលដៅលើក្រុមប្រយុទ្ធជនទាំងនោះ មុនពេលពួកគេ ត្រូវបានសម្លាប់ដោយយន្តហោះចម្បាំង។
ពុំអាចផ្ទៀងផ្ទាការអះអាងនោះដោយឯករាជ្យបានទេ។
កងទ័ព បានបន្ថែមថា ក្រុមយុទ្ធជនហាម៉ាស ក៏ត្រូវបានសម្លាប់ដែរ កាលពីថ្ងៃមុន នៅក្នុងទីក្រុងខាន់យូនីស ( Khan Younis) ភាគខាងត្បូង។
កងទ័ពអ៊ីស្រាអែល បានបង្កើនប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមី ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់កងទ័ពទៅកាន់ឆ្នេរសមុទ្របិទមិនចូលនោះថា អ៊ីស្រាអែលនឹង«បង្កើនការប្រយុទ្ធនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ»។