
ស្របពេលដែលទាហានអ៊ុយក្រែនហាត់សមប្រតិបត្តិការផ្តល់ជំនួយវេជ្ជសាស្រ្តលើកដំបូងនៅតំបន់ភាគខាងកើតប្រទេសនាថ្ងៃបុណ្យណូអែល បុព្វជិតយោធាចំនួន ២រូប បានធ្វើឲ្យពួកគេភ្ញាក់ផ្អើលជាមួយនឹងអំណោយ និងចម្រៀងសរសើរណូអែលដល់ពួកគេ ។
បុព្វជិតយោធា ២នាក់ បានធ្វើដំណើរទៅកាន់អង្គភាព២កន្លែងដាច់ដោយឡែកពីគ្នារបស់កងពលតូចមេកានិចលេខ ៩៣របស់អ៊ុយក្រែន ដែលឈរជើងនៅលើទីតាំងមិនបញ្ចេញឈ្មោះ ស្ថិតក្នុងតំបន់ Donets ។
លោក Oleksandr គឺជាបុព្វជិតយោធាអ៊ុយក្រែនមួយរូប និយាយថា បុណ្យណូអែល គឺជាថ្ងៃសម្រាកនៃក្តីសង្ឃឹម ។ ថ្ងៃទាំងនេះ ទាហានត្រូវការក្តីសង្ឃឹម សង្ឃឹមថាព្រះជាម្ចាស់នឹងនៅជាមួយពួកគេ ហើយមកប្រទានពរដល់ពួកគេ គាំទ្រពួកគេ និងផ្តល់កម្លាំងចិត្តដល់ពួកគេ ។
លោកបន្តថា នោះគឺជាហេតុផលដែលរាល់ពេលពួកយើងមកលេងទាហាន ពួកយើងព្យាយាមចែករំលែកក្តីសង្ឃឹម និងជំនឿដែលព្រះជាម្ចាស់ប្រទានពរដល់ពួកយើង ដើម្បីការពារមាតុភូមិរបស់ពួកយើង ។
គួរឲ្យដឹងថា ភាគច្រើននៃពលរដ្ឋអ៊ីយក្រែន គឺជាគ្រិស្តសាសនិកអូស្សូដក់ ហើយនៅក្នុងឆ្នាំនេះ ព្រះវិហារធំរបស់ពួកគេ បានយល់ព្រមប្តូរចេញពីប្រតិទិនប្រពៃណីជូលៀន ដែលប្រើប្រាស់ដោយរុស្ស៊ី និងប្រារព្ធពិធីបុណ្យណូអែលនៅថ្ងៃទី ៧ ខែមករា ។
សម្រាប់អ្នកមានជំនឿភាគច្រើន ការប្រារព្ធពិធីបុណ្យណូអែលនៅថ្ងៃទី ២៥ ខែធ្នូ មានន័យថា មិនត្រឹមតែចូលរួមជាមួយលោកខាងលិចប៉ុណ្ណោះនោះទេ ប៉ុន្តែពួកគេនឹងឃ្លាតឆ្ងាយពីរុស្ស៊ីផងដែរ ៕