
តម្លៃអាហារឡើងថ្លៃខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឲ្យកសិករទូទាំងពិភពលោកដាំធញ្ញជាតិ និងគ្រាប់ពូជសម្រាប់ចម្រាញ់ប្រេងកាន់តែច្រើន ប៉ុន្តែអ្នកប្រើប្រាស់ត្រៀមប្រឈមជាមួយការផ្គត់ផ្គង់ដ៏លំបាកខ្លាំងឡើងៗ នៅឆ្នាំ២០២៤ ដោយសារបាតុភូតអាកាសធាតុ El Nino ដែលមិនសូវអំណោយផល ការរឹតបន្តឹងការនាំចេញ និងតម្រូវការជីវឥន្ធនៈកើនឡើងកាន់តែខ្ពស់។
បណ្ដាអ្នកវិភាគ និងពាណិជ្ជករនានា បានលើកឡើងថា តម្លៃស្រូវសាលី ពោត និងសណ្តែកសៀងជាសកល ពោលគឺបន្ទាប់ពីការឡើងខ្ពស់ជាច្រើនឆ្នាំ នឹងត្រូវប្រឈមជាមួយនឹងការខាតបង់ នៅឆ្នាំ២០០២៣ ដោយសារការបន្ធូរបន្ថយការរារាំងនៃការនាំចេញ នៅសមុទ្រខ្មៅ និងការថយចុះនៃភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ចសកល ទោះបីជាតម្លៃនៅតែមានហានិភ័យ ក្នុងការផ្ដល់ភាពភ្ញាក់ផ្អើលដល់ការផ្គត់ផ្គង់ និងអតិផរណាម្ហូបអាហារក្នុងឆ្នាំថ្មីក៏ដោយ។
លោក Ole Houe នាយកសេវាប្រឹក្សានៅឈ្មួញកណ្តាលកសិកម្ម IKON Commodities នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បាននិយាយថា៖ «រូបភាពនៃការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិពិតជាមានភាពប្រសើរឡើង នៅឆ្នាំ២០២៣ ដោយសារដំណាំដាំដុះកើនឡើងនៅកន្លែងសំខាន់ៗមួយចំនួន។ ប៉ុន្តែយើងពិតជាមិនទាន់ចេញពីបញ្ហានៅឡើយទេ។ យើងមានការព្យាករណ៍ពីអាកាសធាតុ El Nino រហូតដល់យ៉ាងហោចណាស់ខែមេសា និងខែឧសភា ប្រទេសប្រេស៊ីលប្រាកដណាស់ស្ទើរតែនឹងដាំដុះផ្លែពោតតិចជាងមុន ហើយប្រទេសចិនកំពុងធ្វើឲ្យទីផ្សារភ្ញាក់ផ្អើល ដោយការទិញស្រូវសាលី និងពោតក្នុងបរិមាណដ៏ច្រើន ជាជាងការបង្កើតទីផ្សារអន្តរជាតិ»។
បាតុភូតអាកាសធាតុ El Nino ដែលនាំឲ្យមានអាកាសក្ដៅហែងនៅផ្នែកដ៏ធំនៃតំបន់អាស៊ី នាឆ្នាំនេះ ត្រូវបានគេព្យាករថា នឹងបន្តមាននៅឆមាសទី១ នៃឆ្នាំ២០២៤ ដោយធ្វើឲ្យមានហានិភ័យលើការផ្គត់ផ្គង់អង្ករ ស្រូវសាលី ប្រេងដូង និងផលិតផលកសិកម្មផ្សេងទៀត នៅក្នុងប្រទេសនាំចេញ និងនាំចូលផលិតផលកសិកម្មធំជាងគេបំផុតមួយចំនួនរបស់ពិភពលោក។
ការផ្គត់ផ្គង់អង្ករពិភពលោក ត្រូវបានរឹតបន្តឹងរួចហើយនៅឆ្នាំនេះ បន្ទាប់ពីបាតុភូតអាកាសធាតុ El Nino បានកាត់បន្ថយការផលិត ដោយជំរុញឲ្យឥណ្ឌា ដែលជាប្រទេសនាំចេញដ៏ធំបំផុតរបស់ពិភពលោក រឹតបន្តឹងការនាំចេញ។ ខណៈទីផ្សារគ្រាប់ធញ្ញជាតិផ្សេងទៀតកំពុងបាត់បង់តម្លៃ តម្លៃអង្ករបានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ១៥ឆ្នាំ នៅឆ្នាំ២០២៣ នេះ ដោយការដកស្រង់ពីមជ្ឈមណ្ឌលនាំចេញអាស៊ីមួយចំនួន បានឡើងពី ៤០ភាគរយ ទៅ ៤៥ភាគរយ៕