
ការចុះអ័ព្ទយ៉ាងក្រាស់ និងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង បានវាយប្រហារតំបន់ភាគខាងជើងប្រទេសឥណ្ឌានាថ្ងៃអង្គារនេះ ស្របពេលដែលស្ថានភាពបែបនេះ បានកាត់បន្ថយរយៈចម្ងាយមើលឃើញ និងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋដែលមកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ បានបោះទីជម្រកពេលយប់នៅក្រោមស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង ។
ខណៈពេលនោះដែរ នៅទីក្រុងភាគខាងជើង Srinagar ការមើលឃើញមានកម្រិតទាបខ្លាំង សូម្បីតែនៅជិតគ្នាក៏ដោយ ស្របពេលដែលអ័ព្ទចុះគ្របដណ្តប់លើទីក្រុងទាំងមូល ។
ស្ថានភាពបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាអង្គុយនៅមុខភ្លើង ស្លៀកពាក់សម្លៀកបំពាក់ក្រាស់ៗ ដើម្បីធ្វើឲ្យពួកគេកក់ក្តៅ ។
សូមបញ្ជាក់ថា អាកាសធាតុរដូវរងានៅប្រទេសអាស៊ីខាងត្បូងមួយនេះ ស្រាលជាងនៅអឺរ៉ុប ប៉ុន្តែស្ថានភាពអាកាសធាតុបែបនេះ អាចបណ្តាលឲ្យមនុស្សស្លាប់បានដែរ ដោយសារតែមនុស្សរាប់ម៉ឺននាក់ គ្មានផ្ទះសម្បែងរស់នៅ ឬរស់នៅក្នុងខ្ទមដោយគ្មានកម្តៅ ៕