
ភាគហ៊ុនរបស់ក្រុមហ៊ុន Infosys (INFY.NS) បានធ្លាក់ចុះដល់ទៅ ២,៦ភាគរយ នៅថ្ងៃអង្គារ (ទី២៦ ខែធ្នូ) នេះ បន្ទាប់ពីក្រុមហ៊ុននេះ បានប្រាប់ថា ក្រុមហ៊ុនលំដាប់ពិភពលោកមួយ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ១,៥ពាន់លានដុល្លារ ដើម្បីផ្តោតលើដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) បានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុនព័ត៌មានវិទ្យា (IT) លំដាប់យក្សរបស់ឥណ្ឌាមួយនេះ។
ក្រុមហ៊ុន Infosys បាននិយាយថា ខ្លួនមានផែនការបង្កើនបទពិសោធន៍ឌីជីថល និងផ្តល់សេវាកម្មប្រតិបត្តិការអាជីវកម្ម ដោយប្រើប្រាស់វេទិការរបស់ក្រុមហ៊ុន និងដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI)។ នេះគឺជាកិច្ចព្រមព្រៀងរយៈពេល ១៥ឆ្នាំ ដែលត្រូវបានចុះហត្ថលេខា ក្នុងខែកញ្ញា ឆ្នាំ២០២៣។
ការបញ្ចប់កិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដែលក្រុមហ៊ុនព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូទាំងពិភពលោក កំពុងជួបប្រទះនឹងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមនានា ហើយការសម្រេចលុបចោលនេះ កើតឡើងតែ ២សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក Nilanjan Roy ដែលជាអតីតប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ក្រុមហ៊ុន បានលាលែងពីតំណែង៕