
អ្នកនាំមុខគេ ក្នុងការបានក្លាយជាមេដឹកនាំបន្ទាប់របស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារ (ទី២៦ ខែធ្នូ) បានចោទប្រកាន់គណបក្សប្រឆាំងលេចធ្លោថា បានក្បត់ឧត្តមគតិប្រឆាំងនឹងលទ្ធិកុម្មុយនីស្តរបស់បុព្វបុរសខ្លួន និងជាអ្នកគាំទ្រប្រទេសចិនយ៉ាងជាក់ស្ដែង ដែលជាការវាយប្រហារដ៏ខ្លាំងក្លាមួយ នៅមុនការបោះឆ្នោត នាខែក្រោយ។
មេដឹកនាំលំដាប់ទី២ លោក Lai Ching-te ដែលជាបេក្ខជនមេដឹកនាំកំពូលរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ផ្សាយផ្ទាល់ជាលើកទី២ ស្តីពីគោលនយោបាយ មុនការបោះឆ្នោតថា បើទោះបីគណបក្ស Kuomintang (KMT) ធ្លាប់បានដឹកនាំការប្រយុទ្ធប្រឆាំងនឹងលទ្ធិកុម្មុយនីស្តចិនក៏ដោយ ក៏មេដឹកនាំបច្ចុប្បន្នរបស់គណបក្សនេះ «មិនត្រឹមតែមិនប្រឆាំងនឹងលទ្ធិកុម្មុយនីស្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងជាអ្នកគាំទ្រលទ្ធិកុម្មុយនីស្តទៀតផង»។
ការបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូល និងសភារបស់កោះតៃវ៉ាន់ នៅថ្ងៃទី១៣ ខែមករា កំពុងកើតឡើងផ្ទុយនឹងទិដ្ឋភាពនៃការកើនឡើងនូវសម្ពាធផ្នែកយោធា និងនយោបាយពីប្រទេសចិន ដែលអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួនលើកោះនេះ។ ចិនបានហៅលោក Lai ថា ជាអ្នកផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ ហើយបានពណ៌នាការបោះឆ្នោតថា ជាជម្រើស រវាងសង្រ្គាម និងសន្តិភាព៕