
ជនប៉ាឡេស្ទីនដែលរស់នៅក្នុងជំរំធំបំផុត Jabalia នៅតំបន់ហ្គាហ្សាស្រ្ទីប និយាយថា ពួកគេពិបាកខ្លាំងណាស់ក្នុងការស្វែងរកទឹកស្អាត ស្របពេលមានការបិទការផ្គត់ផ្គង់ចាំបាច់ ហើយនិងរយៈពេលច្រើនសប្តាហ៍ក្រោយការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងការឡោមព័ទ្ធរបស់អ៊ីស្រាអែល ។
លោក Abed Sabah គឺជាពលរដ្ឋហ្គាហ្សារស់នៅក្នុងជំរំ និយាយថាពលរដ្ឋមួយចំនួនបានបន្ថែមសារធាតុក្លរីនចូលទៅក្នុងទឹក មុនពេលពួកគេទទួលទានវា ។
លោកថា ជនភៀសខ្លួនប្រើប្រាស់ទឹកតែមួយសម្រាប់ការទទួលទាន ការចំអិនអាហារ ឬការបោកគក់ បើទោះបីជាប្រឈមនឹងការរីករាលជំងឺអាសន្នរោគក៏ដោយ ។
ស្ថិតនៅលើផ្ទៃដីជិត១, ៤គ.មក្រឡា ជំរំ Jabalia គឺជាជំរំធំបំផុតនៅក្នុងចំណោមជំរំ ៨កន្លែងក្នុងតំបន់ហ្គាហ្សា ហើយនិងមានជនភៀសខ្លួនប្រហែល ១១៦.០០០នាក់ ស្នាក់នៅ ដែលភាគច្រើននៃពួកគេពឹងផ្អែកទាំងស្រុងលើជំនួយស្បៀងអាហារ ឱសថ និងជំនួយផ្សេងទៀតដែលផ្តល់ជូនដោយទីភ្នាក់ងារការងារជំនួយអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ៕