ប្រមុខយោធាអ៊ីស្រាអែលបាននិយាយថា សង្រ្គាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស នឹងអូសបន្លាយរយៈពេលជាច្រើនខែ ខណៈឧបទ្ទវហេតុជាច្រើននៅខាងក្រៅតំបន់ហ្កាហ្សាស្ទ្រីបបានបង្ហាញពីហានិភ័យនៃការរីករាលដាលជម្លោះកាន់តែធំ។

អគ្គសេនាធិការរបស់អ៊ីស្រាអែល លោក ហ៊ើហ្ស៊ី ហាឡេវី(Herzi Halevi)បានប្រាប់អ្នកព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយកាលពីថ្ងៃអង្គារពីព្រំដែនថា សង្រ្គាមនេះនឹងបន្តរយៈពេលជាច្រើនខែទៀត។

លោក ហាឡេវី (Halevi) បាននិយាយថា មិនមានដំណោះស្រាយវេទមន្តទេ មិនមានផ្លូវកាត់ក្នុងការរំលាយអង្គការភេរវករទេ មានតែការប្តេជ្ញាចិត្ត និងតស៊ូប៉ុណ្ណោះ។ យើងនឹងឈានដល់ការដឹកនាំរបស់ក្រុមហាម៉ាស ផងដែរ មិនថា ត្រូវការពេលមួយសប្តាហ៍ ឬត្រូវចំណាយពេលរាប់ខែនោះទេ។

សកម្មភាពរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងនៅអំឡុងថ្ងៃបុណ្យណូអែល ជាពិសេសនៅតំបន់ កណ្តាលមួយ ភាគខាងត្បូងនៃផ្លូវទឹកតាមរដូវកាល ដែលខណ្ឌចែកតំបន់ហ្កាហ្សាស្ទ្រីប។ កងទ័ពអ៊ីស្រាអែលបានប្រាប់ជនស៊ីវិលឱ្យចាកចេញពីតំបន់នេះ បើទោះជាមនុស្សជាច្រើនបាននិយាយថាគ្មានកន្លែងសុវត្ថិភាពត្រូវចាកចេញក៏ដោយ។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក សេហ្វម៉ា ហ្គានហ្គោ (Seif Magango) បាននិយាយកាលពីថ្ងៃអង្គារថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តទម្លាក់គ្រាប់បែកនៅតំបន់ ហ្កាហ្សា ពីសំណាក់កងកម្លាំងអ៊ីស្រាអែល ដែលបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ១០០ នាក់ ចាប់តាំងពីថ្ងៃបុណ្យណូអែលមក ។
ក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សជិត២១.០០០ នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈមានក្ដីបារម្ភថាមានមនុស្សរាប់ពាន់នាក់ទៀតត្រូវបានកប់នៅក្រោមគំនរកម្ទេចថ្ម។ មនុស្សជិត ២,៣ លាននាក់នៃតំបន់រងការឡោមព័ទ្ធមួយនេះ ត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេជាច្រើនដង ៕