កំពត ៖ ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ កាលពីព្រឹកថ្ងៃទី២១ខែមិថុនានេះ បានធ្វើឱ្យប៉ាណូមួយផ្ទាំងធំដួលរលំគ្របផ្លូវបង្កការកកស្ទះចរាចរជាច្រើនម៉ោង។ ក្នុងស្ថានភាពបែបនេះ ឯកឧត្តមអភិបាលខេត្តកំពត បានចុះពិនិត្យផ្ទាល់ និងបញ្ជាក្រុមជំនាញយកគ្រឿងចក្រកាត់ផ្តាច់ រួចស្ទូចកំណាត់ផ្ទាំងប៉ាណូចេញដើម្បីសម្រួលការធ្វើដំណើរ។
មន្ត្រីនៃអាជ្ញាធរស្រុកទឹកឈូ បានរៀបរាប់ថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២១ ខែមិថុនានេះ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ក្នុងភូមិសាស្ត្រឃុំជុំក្រៀល ឃុំត្រពាំងធំ និងផ្នែកខ្លះទៀតនៃស្រុកទឹកឈូ។ ជាមួយហេតុការណ៍នេះ បានបណ្តាលឲ្យផ្ទាំងប៉ាណូកាត់ទទឹងផ្លូវជាតិលេខ៣៣ (កំពត-កែប) ត្រង់ចំណុចព្រំប្រទល់នៃឃុំជុំក្រៀល និងឃុំត្រពាំងធំ បាក់ដួលរលំបង្កការរាំងស្ទះសម្រាប់អ្នកដំណើរទូទៅ។ ទោះបីមិនមាននរណាម្នាក់រងគ្រោះក្នុងហេតុការណ៍នេះក្តី តែសសរផ្ទាំងប៉ាណូបានសង្កត់លើដំបូលផ្ទះ និងរថយន្តអ្នកភូមិមួយគ្រឿងផងដែរ។
មន្ត្រីដដែល បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើចរាចររបស់អ្នកដំណើរទូទៅ ឯកឧត្តម ជាវ តាយ បានចុះពិនិត្យផ្ទាល់ រួចបញ្ជាក្រុមការងារជំនាញយកគ្រឿងចក្រកាត់ផ្តាច់ និងស្ទូចកំណាត់ផ្ទាំងប៉ាណូចេញក្នុងភាពបន្ទាន់បំផុត៕
អត្ថបទ ៖ សារឹម




