មន្ត្រីទួរគីម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (២៦ ធ្នូ) ថាប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) នឹងធ្វើទស្សនកិច្ចនៅទីក្រុងអង់ការ៉ា នៅថ្ងៃទី០៤ ខែមករា ខាងមុខនេះ ដើម្បីជួបជាមួយសមភាគីទួរគីលោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) សម្រាប់កិច្ចពិភាក្សាដែលទំនងជាផ្តោតលើស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា និងស៊ីរី ក៏ដូចជាទំនាក់ទំនងទ្វេភាគី។

មន្ត្រីដដែលនោះបាននិយាយថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយលោក Raisi នៅចុងខែវិច្ឆិកា ត្រូវបានពន្យារពេល ដោយសារតែកាលវិភាគមិនស្របគ្នារបស់រដ្ឋមន្ត្រីការបរទេសនៃមហាអំណាចក្នុងតំបន់ទាំងពីរនេះ។ នៅពេលនោះ រដ្ឋមន្ត្រីការបរទេសទួរគី ស្ថិតនៅក្នុងទីក្រុងញូវយ៉ក ដែលជាផ្នែកមួយនៃ «ក្រុមទំនាក់ទំនង» នៃបណ្តាប្រទេសមូស្លីម ស្ដីពីតំបន់ហ្កាហ្សា។

ប្រទេសទួរគី ដែលគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលមានអាយុកាលរាប់ទស្សវត្សនេះ បានរិះគន់អ៊ីស្រាអែល យ៉ាងចាស់ដៃចំពោះការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាហ្សា និងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយបាននិយាយថាមេដឹកនាំអ៊ីស្រាអែល គួរតែត្រូវបានកាត់ទោសនៅក្នុងតុលាការអន្តរជាតិសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម។
មិនដូចសម្ព័ន្ធមិត្តលោកខាងលិច និងប្រទេសអារ៉ាប់មួយចំនួនទេ សមាជិកណាតូទួរគី មួយនេះមិនចាត់ទុកក្រុមហាម៉ាស ជាក្រុមភេរវជនឡើយ។ ប្រទេសជិតខាងរបស់ខ្លួននៅភាគខាងកើត គឺអ៊ីរ៉ង់ បានសម្តែងការគាំទ្រដល់ក្រុមហាម៉ាស និងបានព្រមានអំពីផលវិបាកកាន់តែទូលំទូលាយ ប្រសិនបើការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា នៅតែបន្ត៕
