លោក ហ្សង់ ខេស៊ី (Sean Casey) អ្នកសម្របសម្រួលក្រុមគ្រូពេទ្យរបស់អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារ (២៦ ធ្នូ) ពីមជ្ឈមណ្ឌលប្រតិបត្តិការមនុស្សធម៌រួមនៅទីក្រុងរ៉ាហ្វាហ្វ ភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្រ្ទីប ថា «មានឈាមគ្រប់ទីកន្លែងនៅក្នុងមន្ទីរពេទ្យហ្កាហ្សា»។

លោក ខេស៊ី បានរាយការណ៍ថា «អ្នកស្លាប់និងរបួសក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់» បានទៅដល់មន្ទីរពេទ្យអាល់អាកស៊ី (Al-Aqsa) បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួន ម៉ាហ្កាហ្ស៊ី (Maghazi) នៅកណ្តាលតំបន់ហ្កាហ្សា មុនថ្ងៃបុណ្យណូអែល។ ខ្សែវីដេអូបង្ហាញអ្នករបួស និងកុមារជាច្រើនសម្រាកលើឥដ្ឋក្នុងមន្ទីរពេទ្យដែលមានមនុស្សច្រើនកុះករ។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សជិត ២១.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ជាមួយនឹងការភ័យខ្លាចថារាប់ពាន់នាក់ទៀតត្រូវបានកប់នៅក្រោមគំនរបាក់បែក។ មនុស្សជិត ២,៣លាននាក់ នៃតំបន់ហ៊ុមព័ទ្ធនេះត្រូវបានបណ្តេញចេញពីលំនៅឋានរបស់ពួកគេជាច្រើនដង។
អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីការពារជនស៊ីវិល ហើយបានស្តីបន្ទោសក្រុមហាម៉ាស ចំពោះការធ្វើឱ្យជនស៊ីវិលមានគ្រោះថ្នាក់ដោយធ្វើប្រតិបត្តិការក្នុងចំណោមពួកគេ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធ។ ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក ក៏បាននិយាយថា អ៊ីស្រាអែលគួរតែធ្វើបន្ថែមទៀតដើម្បីកាត់បន្ថយការស្លាប់ជនស៊ីវិលពីអ្វីដែលលោកប្រធានាធិបតី ចូ បៃដិន បានហៅថា «ការទម្លាក់គ្រាប់បែកមិនរើសមុខ»៕
