កំពង់ចាម÷ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ ខ្សែ ប្រវែង ៧ ពាន់ម៉ែត្រ ស្ថិតខេត្តកំពង់ចាម និងកំពង់ឆ្នាំង ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំ នៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានសមាជិកគណៈកម្មាធិការលទ្ធកម្ម ពិនិត្យ និងវាយតម្លៃប្រគល់-ទទួល បញ្ចប់ជាស្ថាបពររយៈពេល ធានាសុពភាពគុណភាព នៃការងារស្ថាបនាផ្លូវទាំងនោះ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ខ្សែ, ក្នុងនោះចំនួន ១ ខ្សែ មានប្រវែង ៣ ៥០០ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស, ទទឹងម្ខាងៗ ១ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ, និងស្ថាបនាលូមុខមូលមួយចំនួន ១ កន្លែង ស្ថិតនៅឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែក ផ្លូវចំនួន ២ ខ្សែទៀត មានប្រវែងសរុប ៣ ៥០០ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស, ទទឹងម្ខាងៗ ០,៥ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ, ស្ថាបនាលូមុខមូលមួយ ១ កន្លែង ស្ថិតនៅឃុំទួលខ្សាច់ និងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម បានកោតសរសើរចំពោះការយកចិត្តទុកដាក់ ស្ថាបនាផ្លូវទាំងនេះបានល្អប្រសើរ និងបានឯកភាពប្រគល់-ទទួល បញ្ចប់ជាស្ថាបពរ រយៈពេលធានាសុពភាពគុណភាព នៃការងារស្ថាបនាផ្លូវទាំងនោះ ប្រកបដោយគុណភាព ព្រោះផ្លូវមានសារៈសំខាន់ ណាស់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដឹកជញ្ជូនកសិផល ការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនសូត្រ និងការដឹកអ្នកជម្ងឺមកកាន់មណ្ឌលសុខភាពជាដើម។
ជុំវិញផ្លូវទាំង៣ខ្សែខាងលើនេះ, ឯកឧត្តម ផូ ផារិទ្ធ សំណូមពរដល់អ្នកទទួលការ ធ្វើការត្រួតពិនិត្យលើការងារស្ថាបនាផ្លូវ និង លូខាងលើឲ្យបានល្អ ដើម្បីឲ្យមានគុណភាព សោភ័ណភាព និងសុវត្ថិភាព ក្នុងរយៈពេល ១២ ខែបន្តទៀត ទៅតាមកិច្ចសន្យា និងត្រូវ ចេះសហការណែនាំបំផុសប្រជាជន អាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមថែទាំផ្លូវ និងលូខាងលើនេះ ក្នុងការរឹតបណ្តឹងចំពោះរថយន្តដឹកទំនិញ លើសចំណុះធ្វើចរាចរលើផ្លូវ និងលូទាំងនេះ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាន ដើម្បីរក្សាគុណភាពផ្លូវ និងលូ ឲ្យបានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍ទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី












