ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ផលលាភដែលកម្ពុជាទទួលបាននាពេលនេះ គឺកើតចេញពីសន្តិភាពដែលកម្ពុជា មានរយៈពេល២៥ឆ្នាំមកនេះ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះកូនខ្មែរទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។

ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលថ្មី នៃស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមជំនួយហិរញ្ញប្បទានរបស់ជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើគិតត្រឹមឆ្នាំ២០២៣នេះ គឺកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់ឥតឈប់ឈររយៈពេល២៥ឆ្នាំហើយ ហើយដរាបណាមានសុខសន្តិភាពតំបន់ជើងឯកក៏ដូចជា ប្រទេសកម្ពុជាទាំងមូលនឹងបន្តកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា អស់រយៈពេលប្រាំរយឆ្នាំ ហើយដែលកម្ពុជា បានបែកបាក់ និងកាប់ចាក់គ្នា ហើយកន្លែងជើងឯកនេះកាលពីជាង៤០ឆ្នាំមុន គឺជាកន្លែងកប់ខ្មោច និងជាកន្លែងដែលគេបានយកមនុស្សរាប់ម៉ឺននាក់ទៅវាយចោលយ៉ាងអាណោចអាធ័ម ប៉ុន្តែ ក្នុងរយៈពេល២៥ឆ្នាំក្រោយបែជាកន្លែងនេះ (បឹងជើងឯក) ជាកន្លែងអភិវឌ្ឍន៍ឥតឈប់ឈរ។
ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវដាក់ទិសដៅ និងត្រូវការពារនៃការអភិវឌ្ឍកន្លែងនេះកុំឲ្យវិលទៅរកដូច កាលពីជាង៤០ឆ្នាំមុននោះ គឺគប្បីថែរក្សានូវសុខសន្តិភាពឲ្យបានដាច់ខាត៕
អត្ថបទ៖ បាន ចក់