ភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ(Xinhua)បានរាយការណ៍ថា លោកប្រធានាធិបតីចិន Xi Jinping បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃអង្គារថានឹងទប់ស្កាត់ចំពោះអ្នកណាក៏ដោយដែលព្យាយាមបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន តាមមធ្យោបាយណាមួយ រយៈពេលជាងពីរសប្តាហ៍មុនពេលកោះតៃវ៉ាន់ជ្រើសរើសមេដឹកនាំថ្មី។

ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិក៏ដោយ ហើយបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ ដើម្បីអះអាងសិទ្ធិគ្រប់គ្រងអធិបតេយ្យភាពរបស់ខ្លួន។

កោះតៃវ៉ាន់ រៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភានៅថ្ងៃទី ១៣ ខែមករា ហើយរបៀបដែលកោះនេះគ្រប់គ្រងទំនាក់ទំនងជាមួយចិនគឺជាចំណុចសំខាន់នៃជម្លោះនៅលើដំណើរការនៃយុទ្ធនាការ។
នៅក្នុងសន្និសីទរំលឹកខួបលើកទី ១៣០ នៃការចាប់កំណើតរបស់អតីតមេដឹកនាំចិនលោក ម៉ៅ សេទុង ដែលនៅឆ្នាំ ១៩៤៩ បានកម្ចាត់រដ្ឋាភិបាលសាធារណៈរដ្ឋចិននៅក្នុងសង្គ្រាមស៊ីវិល ដែលបន្ទាប់មកបានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ លោក Xi បាននិយាយថា ការបង្រួបបង្រួមជាតិពេញលេញគឺជានិន្នាការដែលមិនអាចប្រកែកបាន ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ ខាងលើ បានដកស្រង់សម្តីលោក X ដែលបានប្រាប់មន្ត្រីជាន់ខ្ពស់មកពីបក្សកុម្មុយនិស្តថា មាតុភូមិត្រូវតែបង្រួបបង្រួមគ្នាឡើងវិញ ហើយការបង្រួបបង្រួមជាមួយជាមួយចិនដីគោក និងកោះតៃវ៉ាន់ គឺជារឿងជៀសមិនរួចដែលនឹងត្រូវតែធ្វើ។
ប្រទេសចិន និយាយថាការបោះឆ្នោតនៅកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ប៉ុន្តែប្រជាជនរបស់កោះនេះ ត្រូវប្រឈមនឹងជម្លោះរវាងសង្រ្គាម និងសន្តិភាព និងការប៉ុនប៉ងទាមទារឯករាជ្យរបស់កោះតៃវ៉ាន់ មានន័យថា សង្រ្កាម៕