ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់តំបន់ហ្កាហ្សាបាននិយាយថាមនុស្សយ៉ាងហោចណាស់២៤១នាក់ បានស្លាប់ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ខណៈប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតែបន្តនៅក្នុងដែនដីរងការបំផ្លិចបំផ្លាញមួយនេះ។

ប្រធានអាជ្ញាធរប៉ាឡេស្ទីន ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានហៅសង្រ្គាមថាជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ លើប្រជាជនរបស់លោក។
អ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារដាក់គោលដៅលើទីតាំងជាង ១០០កន្លែង កាលពីថ្ងៃអង្គារ ស្របពេលមានរបាយការណ៍ជាច្រើន អំពីប្រតិបត្តិការថ្មើរជើងដែលជិតចូលទៅដល់កណ្តាលតំបន់ហ្កាហ្សា។គេអាចលឺសំឡេងនៃការផ្ទុះខ្លាំងៗជាច្រើន ពីតំបន់ហ្កាហ្សាស្ទ្រីប ឆ្លងកាត់តំបន់ព្រំដែនជាមួយអ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃពុធនេះ។
ក្រសួងសុខាភិបាលរបស់ហ្កាហ្សាបាននិយាយថាមនុស្ស ៣៨២នាក់ក៏បានរងរបួសក្នុងរយៈពេល ២៤ម៉ោងដូចគ្នា នៃការវាយប្រហារពីអ៊ីស្រាអែល។

យោងតាមក្រសួងសុខាភិបាលហ្កាហ្សាជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់មា ២០.៩១៥ នាក់បានស្លាប់ ដែលភាគច្រើនជាកុមារ និងស្ត្រី ក្នុងការប្រយុទ្ធគ្នារយៈពេលជាង ១១ សប្តាហ៍មកនេះ ។
ការអះអាងរបស់ភាគីជម្លោះ មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យទេ។

ប្រធានអាជ្ញាធរប៉ាឡេស្ទីនខាងលើ បានហៅសង្រ្គាមនៅតំបន់ ហ្កាហ្សាស្ទ្រីប ថា ស្ថានភាពហួសពីមហន្តរាយនិង លើសពីសង្រ្គាមនៃការបំផ្លិចបំផ្លាញទៅទៀត ។
មេដឹកនាំប៉ាឡេស្ទីន រូបនេះ បានចោទក្រុងវ៉ាស៊ីនតោន ថាបានអូសបន្លាយសង្រ្គាមដោយវេតូសេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឲ្យមានបទឈប់បាញនៅតំបន់ហ្កាហ្សា៕