បាល់ទាត់៖ ក្រុមជំរើសជាតិវែលបានរងបរាជ័យ ១-០ ក្រោមថ្វីជើងក្រុមលើគេក្នុងពូលអ៊ីតាលី តែនៅតែអាចបន្តដំណើរឡើងវគ្គ ១៦ក្រុមចុងក្រោយដដែលនៅព្រឹត្តិការណ៍ទ្វីបអឺរ៉ុប Euro ២០២០។

អ៊ីតាលីដែលទុកកីឡាករសំខាន់ៗមួយចំនួនសម្រាក នៅតែមានប្រៀបលើវែលដែលត្រូវការត្រឹមស្មើ។ កៅអីស្វ័យប្រវត្តិរបស់វែលត្រូវបានគំរាមកំហែងដោយក្រុមស្វ៊ីស ដែលប្រកួតដំណាល់គ្នាយកឈ្នះទួកគី ៣-១។ ចាញ់អ៊ីតាលី ១-០ ដោយគ្រាប់បាល់របស់ Matteo Pessina វែលបានទប់មិនអោយមានគ្រាប់លើសពីនេះឡើយ ទោះបីបាត់បង់កីឡាករម្នាក់នៅនាទីទី៥៥ នៅពេលអាជ្ញាកណ្ដាលឲ្យកាតក្រហម Ethan Ampadu ដែលមានកំហុសលើ Federico Bernardeschi។ យោងតាមលទ្ធផលនេះវែលបានលេខ២ ក្នុងពូលមាន ៤ពិន្ទុស្មើជាមួយស្វ៊ីស តែវែលមានគ្រាប់បាល់ចំណេញ ១គ្រាប់ ឯស្វ៊ីសខាត ១គ្រាប់បានត្រឹមលេខ៣ និងរង់ចាំអ៊ុតជាមួយក្រុមលេខ៣ ពូលផ្សេងទៀតដើម្បីដឹងថាអាចឡើងជុំបន្តបាន រឺអត់។
ដោយឡែកជ័យជំនះរបស់អ៊ីតាលីលើកនេះគឺជាប្រកួតទី៣០ របស់អ៊ីតាលីមិនដែលចាញ់ និងជាជ័យជំនះ ១១ប្រកួតជាប់គ្នាផងដែរ ខណៈលេខ១ ក្នុងពូល A នេះនឹងត្រូវជួបជាមួយក្រុមលេខ២ ក្នុងពូល C នៅកីឡដ្ឋាន Wembley ខណៈវែលក្នុងនាមជាក្រុមលេខ២ ក្នុងពូល A ត្រូវជួបជាមួយក្រុមលេខ២ ក្នុងពូល B នៅទីក្រុង Amsterdam ប្រទេសហូឡង់៕
អត្ថបទ៖នាង សុភាវុធ